(ញូយ៉ក)៖ មនុស្សយ៉ាងហោចណាស់ ០២នាក់ស្លាប់ និង ០៤នាក់ផ្សេងទៀតរងរបួស នៅក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅក្នុងដងទន្លេ នៃភាគខាងកើតទីក្រុងញូយ៉កសហរដ្ឋអាមេរិក នៅយប់ថ្ងៃអាទិត្យ (ម៉ៅងនៅទីក្រុងញូយ៉ក)។ នេះបើតាមការចេញផ្សាយដោយ Fox News នាព្រឹកថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។
មន្ត្រីសង្គ្រោះបន្ទាន់ប្រចាំទីក្រុងដ៏ធំ នៃភាគឦសានអាមេរិមួយនេះ បានអះអាងថា អ្នកស្លាប់ទាំងពីរនាក់ជាអ្នកដំណើរ និង ០៣នាក់ទៀតទទួលរងរបួស ខណៈពីឡុតម្នាក់ដែលបញ្ជាការលើឧទ្ធម្ភាគចក្រនោះ អាចសង្គ្រោះខ្លួនឯងបាន ជាមួយរបួសបន្តិចបន្តួចប៉ុណ្ណោះ។ ព័ត៌មានបានបន្តទៀតថា អ្នករបួសទាំង ០៣នាក់នោះ គឺត្រូវបានគេស្រង់ចេញពីក្នុងទឹកទន្លេ ក្នុងអការៈធ្ងន់ធ្ងរខ្លាំង និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រខាងលើនេះ ជាកម្មសិទ្ធិរបស់ក្រុមទេសចរណ៍ Liberty Helicopeters ដែលវាបានធ្លាក់នៅវេលាម៉ោង ៧៖០០នាទីយប់ ទៅក្នុងទន្លេទឹកកក នៃភាគខាងកើតទីក្រុងញូយ៉ក ដែលមានសីតុណ្ហភាពត្រជាក់បំផុត។ អ្នកឃើញហេតុការណ៍មួយចំនួនបានអះអាងថា ឧទ្ធាគចក្រខាងលើនេះ ហោះក្នុងល្បឿនលឿនរួចមុជចូលក្នុងទន្លេតែម្តង ប៉ុន្តែមូលហេតុនៃឧប្បដិហេតុច្បាស់នោះ កំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេត៕