(តេហេរ៉ង់)៖ សារព័ត៌មានរដ្ឋអ៊ីរ៉ង់បានដកស្រង់សេចក្តីរាយការណ៍ អឌ្ឍចន្ទក្រហម ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១១នាក់ បានស្លាប់នៅក្នុងករណីធ្លាក់យន្តហោះឯកជនមួយគ្រឿង ដែលជារបស់ប្រទេសតួកគី ធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ U.S News នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។
សារព័ត៌មានអ៊ីរ៉ង់ដកស្រង់សម្តីលោក ម៉ូចតាបា ខាឡេឌី (Mojtaba Khaledi) អ្នកនាំពាក្យក្រុមការងារសង្គ្រោះបន្ទាន់អ៊ីរ៉ង់ បានឲ្យដឹងទៀតថា យន្តហោះខាងលើនេះ បានធ្លាក់ជុលនឹងភ្នំ ហ្សាអ៊ី ខដ (Shahr-e Kord) ហើយក៏ផ្ទុះទៅជាអណ្តាតភ្លើងតែម្តង នាំឲ្យមនុស្សសរុប ១១នាក់ស្លាប់។
គួរបញ្ជាក់ថា យន្តហោះខាងលើនេះ ត្រូវបានអាជ្ញាធរអាកាសចរណ៍អ៊ីរ៉ង់ចាប់បានសញ្ញា នៃការហោះចូលដែនអាកាសរបស់ខ្លួន កាលពីវេលាម៉ោង ៧៖២៥នាទីយប់ថ្ងៃអាទិត្យ ហើយបន្ទាប់មកក៏ធ្លាក់តែម្តង។ យន្តហោះតួកគីខាងលើនេះ ត្រូវបានគេអះអាងថា ហោះហើរចេញពីអាកាសយានដ្ឋាន Sharjah នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងឆ្ពោះទៅទីក្រុងអ៊ីរ៉ង់ប៊ូល ប្រទេសតួកគី ប៉ុន្តែបានធ្លាក់ពេលកំពុងធ្វើដំណើរ។ មូលហេតុនៃការធ្លាក់ មិនទាន់ត្រូវបានបញ្ជាក់នោះទេ៕