(ប៉េកាំង)៖ ដូចការរំពឹងទុកនៅថ្ងៃអាទិត្យនេះ សភាប្រជាជនចិន បានសម្រេចចិត្តបោះឆ្នោតគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្ដីពីការកំណត់អណត្តិប្រធានាធិបតី ដែលនេះបានបើកផ្លូវឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចបន្តកាន់អំណាចអស់មួយជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨។

ការបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញនេះ ធ្វើឡើងនៅអំឡុងកិច្ចប្រជុំពេញអង្គលើកទី០៣ នៃសម័យប្រជុំលើកទី០១ របស់ សភាប្រជាជនចិននិតិកាលទី១៣ នៅឯវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង នៅម៉ោង០៣៖០០នាទីរសៀលនេះ។ ម្យ៉ាងវិញ ទៀត ការបោះឆ្នោតនេះទៀតសោត មិនមានភាពលំបាកអ្វីនោះទេ ហើយវាក៏មិនមែនជារឿងអ្វីភ្ញាក់ផ្អើលអ្វីនោះដែរ ដោយហេតុថា គេរំពឹងទុកជាមុនរួចទៅហើយថា សភាប្រជាជន នឹងបោះឆ្នោតគាំទ្រលើលុបចោលអាណត្តិប្រធានាធិបតីតាមការ ស្នើសុំរបស់គណបក្សកុម្មុយនីស្ដចិន។

យោងតាមរដ្ឋធម្មនុញ្ញចិនចាប់តាំងពីឆ្នាំ១៩៩០ ប្រធានាធិបតីអាចកាន់អំណាចបានត្រឹមពីរអណត្តិតែប៉ុណ្ណោះ។ ប៉ុន្តែលោកស៊ីបានស្នើឱ្យកែប្រែដោយជោគជ័យ នូវប្រពៃណីមួយកាន់អំណាចមួយនេះ នៅក្នុងសមាជបក្សកុម្មុយនិស្ដចិន កាលពីខែតុលា ហើយមិនតែប៉ុណ្ណោះ លោកថែមទាំងពង្រឹងអំណាចរបស់លោកកាន់តែធំ តាមរយៈយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយក៏ដូចជា ការបញ្ចូលទ្រឹស្ដី និងគំនិតយោបាយរបស់លោកទៅក្នុងរដ្ឋធម្មនុញ្ញចិនទៀតផង។ ជាក់ស្ដែង ក្នុងចំណោមអ្នកបោះឆ្នោត ២,៩៦៤នាក់ មានពីរនាក់បោះឆ្នោតជំទាស់ និងបីនាក់ អនុប្បវាទ។

គួររំលឹកថា កាលចុងខែកុម្ភៈកន្លងទៅ គណបក្សកុម្មុយនិស្ដចិន បានស្នើឡើងវិញម្ដងទៀត ឱ្យមានការធ្វើសោធនកម្មរដ្ឋ ធម្មនុញ្ញបច្ចុប្បន្នដែលកំណត់ថាលោក ស៊ី ជិនពីង ផុតអណត្តិជាប្រធានាធិបតីនៅឆ្នាំ២០២៣។ ដូច្នេះតាមរយៈការធ្វើ វិសោធនកម្មនេះលោក ស៊ី ដែលបានឡើងអំណាចតាំងតែពីឆ្នាំ២០១២មក អាចនឹងក្លាយជាប្រធានាធិបតីអស់មួយជីវិត និងជាមេដឹកនាំចិនមានឥទ្ធិពលជាងគេបំផុត គិតចាប់តាំងលោក ម៉ៅ សេទុងមក៕