(ប៉េកាំង)៖ សភាប្រជាជនចិន នៅថ្ងៃអាទិត្យនេះ ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្ដីពី ការកំណត់អណត្តិប្រធានាធិបតី ដែលនេះនឹងបើកផ្លូវឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចកាន់អំណាចអស់មួយជីវិត ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨។
យោងតាមរដ្ឋធម្មនុញ្ញចិនចាប់តាំងពីឆ្នាំ១៩៩០ ប្រធានាធិបតីអាចកាន់អំណាចបានត្រឹមពីរអណត្តិតែប៉ុណ្ណោះ។ ប៉ុន្តែលោក ស៊ី បានស្នើឱ្យកែប្រែដោយជោគជ័យនូវប្រពៃណីមួយកាន់អំណាចមួយនេះ នៅក្នុងសមាជបក្សកុម្មុយនិស្ដចិន កាលពីខែតុលា ហើយលើសពីនេះទៅទៀត លោកថែមទាំងបានពង្រឹងអំណាចរបស់លោកកាន់តែធំ តាមរយៈយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ក៏ដូចជាការបញ្ចូលទ្រឹស្ដី និងគំនិតយោបាយរបស់លោកទៅក្នុងរដ្ឋធម្មនុញ្ញចិនទៀតផង។
គួររំលឹកថា កាលចុងខែកុម្ភៈកន្លងទៅ គណបក្សកុម្មុយនិស្ដចិន បានស្នើឡើងវិញម្ដងទៀត ឱ្យមានការធ្វើសោធនកម្មរដ្ឋ ធម្មនុញ្ញបច្ចុប្បន្នដែលកំណត់ថា លោក ស៊ី ជិនពីង ផុតអណត្តិជាប្រធានាធិបតីនៅឆ្នាំ២០២៣។ ដូច្នេះតាមរយៈការធ្វើ វិសោធនកម្មនេះលោក ស៊ី ដែលបានឡើងអំណាចតាំងតែពីឆ្នាំ២០១២មក អាចនឹងក្លាយជាប្រធានាធិបតីអស់មួយជីវិត និងជាមេដឹកនាំចិនមានឥទ្ធិពលជាងគេបំផុត គិតចាប់តាំងលោក ម៉ៅ សេទុង មក៕