(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញនូវក្តីសង្ឃឹមថា លោកអាចឈានទៅរកកិច្ចព្រមព្រៀងជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទាក់ទងនឹងការទប់ស្កាត់ការរីកសាយភាពនុយក្លេអ៊ែរ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ។

តាមរយៈសារបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គម Tweeter លោកត្រាំបានលើកឡើងថា «ដំណោះស្រាយជាមួយកូរ៉េខាងជើង ពិតជារឿងដ៏ល្អមួយសម្រាប់ពិភពលោក ប្រសិនបើទំនាក់ទំនងនេះទទួលបានជោគជ័យពិតមែននោះ»

លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានព្រមព្រៀងតាមសំណើរក្នុងការជួបជាមួយមេដឹកនាំកូរ៉េខាងជើង នៅក្នុងខែឧសភាខាងមុខ។ សំណើរនេះត្រូវបានបញ្ជូនមកកាន់ សហរដ្ឋអាមេរិកតាមរយៈមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង ដែលបានជួបដោយផ្ទាល់ជាមួយមេដឹកនាំ គីម ក្នុងទីក្រុង ព្យុងយ៉ាង។

ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក McMaster គ្រោងនឹងលើកឡើងអំពីគម្រោងនៃកិច្ចប្រជុំកំពូលនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ យ៉ាងនេះក្តី រដ្ឋាភិបាលលោក ដូណាល់ ត្រាំ នៅតែបន្តរក្សាការដាក់ទណ្ឌកម្មទៅលើប្រទេស កូរ៉េខាងជើង ដោយទាមទារឱ្យប្រទេស កុម្មុយនីសមួយនេះ បង្ហាញនូវសកម្មភាពដ៏ច្បាស់លាស់មួយ ឆ្ពោះទៅរកការទប់ស្កាត់ការរីកសាយភាពនុយក្លេអ៊ែរ៕