(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Çavusoglu បាននិយាយថា តួកគីទិញប្រព័ន្ធមីស៊ីលការពារដែន អាកាស S-400​ ពីរុស្ស៊ី ដោយសារតែមានតម្រូវការជាបន្ទាន់ដើម្បីការពារដែនអាកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨។

ថ្លែងប្រាប់សារព័ត៌មានអាល្លឺម៉ង់ Die Zeit នាពេលថ្មីៗនេះ លោករដ្ឋមន្ត្រីការបរទេសតួកគី បានលើកឡើងដូច្នេះថា៖«យើង ត្រូវការជាបន្ទាន់នូវប្រព័ន្ធមីស៊ីល S-400​ ពីព្រោះយើងគ្មានប្រព័ន្ធការពារដែនអាកាសនោះទេ ហើយយើងពិបាកក្នុងការចរចា ទិញអាវុធពីសហរដ្ឋអាមេរិក។ ដូច្នេះទើបយើងសម្រេចចិត្តប្រព័ន្ធមីស៊ីលមួយនេះ»។

គួររំលឹកថា កាលពីខែធ្នូ ឆ្នាំ២០១៧ តួកគី បានចុះហត្ថាលេខាលើកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីក្នុងតម្លៃ ប្រមាណ២.៥ពាន់លានដុល្លារ ហើយដែលនេះនឹងធ្វើឱ្យតួកគី ក្លាយជាប្រទេសដំបូងគេបំផុតក្នុងនាមជាសមាជិកអង្គការ ណាតូរបស់សហរដ្ឋអាមេរិក ប្រើប្រាស់ប្រព័ន្ធមីស៊ីលរុស្ស៊ី៕