(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្កភាពភ្ញាក់ផ្អើល ដល់ពិភពលោកតាមរយៈការបង្ហាញពីបំណងចង់ជួបជាចរចាគ្នាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើតំបន់ឧបទ្វីបកូរ៉េ។ តែព្រមពេលជាមួយគ្នា អ្នកជំនាញខ្លះដូចជា លោក Jaechun Kim យល់ថាលោក គីម កំពុងចង់ប្រើជំនួបនេះបញ្ជាក់ប្រាប់ ពិភពលោកថាកូរ៉េខាងជើងមិនមែនជា«រដ្ឋយូកូងបាតផ្សារ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨។

លោក Jaechun Kim ជាសាស្រ្ដាចារ្យមកពីសាកលវិទ្យាល័យ Songang University មានមូលដ្ឋាន នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik។ លោក Jaechun បាន គូសបញ្ជាក់ថា៖ «ខ្ញុំគិតថាចេតនារបស់មេដឹកនាំកូរ៉េខាងជើងនៅពេលនេះ គឺចង់យកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក បង្ហាញ ប្រាប់ពិភពលោកថាកូរ៉េខាងជើងជាប្រទេសធម្មតា មិនមែនជារដ្ឋយូកូងបាតផ្សារ ដូចគេគ្រប់គ្នាយល់នោះទេ»

ដោយឡែក ឆ្លើយតបនឹងសំណួ សួរថាតើសហរដ្ឋអាមេរិក និងកូរ៉េខាងជើង អាចនឹងដាក់លក្ខខណ្ឌអ្វីខ្លះដើម្បីជួបចរចាគ្នា? សាស្ត្រាចារ្យរូបនេះបានសង្កត់ធ្ងន់ថា លក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោន នោះគឺឱ្យទីក្រុងព្យុងយ៉ាងបង្ហាញពីចេតនាបោះបង់ ចោលអាវុធនុយក្លេអ៊ែរដោយចិត្តស្មោះ។ ចំណែងឯ កូរ៉េខាងជើងវិញ ក៏ទំនងជាអាចនឹងដាក់លក្ខខណ្ឌវិញផងដែរ ពោលគឺ រដ្ឋកុម្មុយនិស្ដមួយនេះ នឹងជំរុញឱ្យសហរដ្ឋអាមេរិកដកកងទ័ពរបស់ខ្លួនចេញពីកូរ៉េខាងត្បូង។ ជាក់ស្ដែងទីក្រុងព្យុងយ៉ាង កាលពីប៉ុន្មានថ្ងៃមុន ក៏បានបញ្ជាក់ហើយដែរថានឹងបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល បើសិនជាសនិ្តសុខរបស់ ខ្លួនត្រូវបានធានា។

យ៉ាងណាក៏ដោយ ផ្អែកលើការព្យាករលើលក្ខខណ្ឌទាំងពីរនេះ លោក Jaechun យល់ថាជំនួបរវាង លោក ដូណាល់​ ត្រាំ និងលោក គីម ជុងអ៊ុន មានភាគរយតិចតួចណាស់ឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ ខណៈសហរដ្ឋអាមេរិក មុខជានឹងមិនព្រមដកកងទ័ពរបស់ខ្លួនចេញពីកូរ៉េខាងត្បូងជាដាច់ខាត ព្រោះថាទីក្រុងវ៉ាស៊ីនតោន មិនមែនដាក់ទ័ពរបស់ខ្លួន ត្រឹមតែដើម្បីការពារកូរ៉េខាងត្បូងតែមួយគតនោះទេ តែក៏ដើម្បីទប់ស្កាត់ឥទ្ធិពលយោធារបស់ចិនផងដែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមជួបចរចាគ្នាជាលើកទីបីនៅខែមេសា ខាងមុខនេះ រីឯជំនួបជាមួយ សហរដ្ឋអាមេរិកគ្រោងនឹងត្រូវធ្វើឡើងនៅខែឧសភា៕