(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចដើម្បីជជែក ដោះស្រាយរាល់បញ្ហាទាំងអស់ជាមួយសហរដ្ឋអាមេរិក ព្រមទាំងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន អនុម័តគោលជំហររួមមួយ ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨។

លោក ពូទីន ថ្លែងបែបនេះ នៅក្នុងពេលផ្ដល់បទបទសម្ភាន៍ឱ្យស្ថានីយទូរទស្សន៍អាមេរិក NBC ចេញផ្សាយដោយវិមានក្រឹម ឡាំង កាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាសនោះដែរប្រធានាធិបតីរុស្ស៊ីរូបនេះបានកត់សម្គាល់ដូច្នេះថា៖«យើងបានត្រៀមខ្លួន ជាស្រេច ដើម្បីជជែកដោះស្រាយរាល់បញ្ហាទំាងអស់ជាមួយសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងបញ្ហាមីស៊ីល ព័ត៌មានវិទ្យា និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងភេរវករ»។ លោក ពូទីន បន្ថែមទៀតថា ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន គួរតែអង្គុយចុះ ពិភាក្សាគ្នាដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ ហើយថារុស្ស៊ីសង្ឃឹមថាសហរដ្ឋអាមេរិក ក៏ចង់ត្រៀមខ្លួនធ្វើដូច្នេះដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រៅតែពីរឿងចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន នៅមានបញ្ហាជាច្រើនទៀតដែលធ្វើឱ្យភាគីទាំងពីរតែងតែតម្លើងសសៃកដាក់គ្នា ក្នុងនោះ រួមមានវិបត្តិនៅភាគខាងកើតប្រទេសអ៊ុយក្រែន សង្រ្គាមនៅស៊ីរី និងការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិកនៅអឺរ៉ុបជាដើម៕