រដ្ឋមន្ត្រីការបរទេសអាមេរិក «ធ្លាក់ខ្លួនឈឺ និងបង្ខំចិត្តផ្អាកទស្សនកិច្ច នៅកេនយ៉ា...»
10-03-2018 17:02
(ណៃរ៉ូប៊ី)៖ ក្រសួងការបរទេសអាមេរិក បានជូនដំណឹងទៅប្រទេសកេនយ៉ាថា លោករដ្ឋមន្ត្រីការបរទេស រិច ធីល្លឺសុន មិនទាន់អាចបំពេញទស្សនកិច្ចនៅទីក្រុងណៃរ៉ូប៊ី តាមការគ្រោងទុកនោះឡើយ ព្រោះពេលនេះលោកកំពុងមានជំងឺមិនស្រួលខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍ត្រូវបានធ្វើឡើងដោយ លោក Steve Goldstein ជាអនុរដ្ឋមន្ត្រីការបរទេស ដែលរួមដំណើរជាមួយ លោក ធីល្លឺនសុន។ សម្រាប់មូលហេតុដែល លោក ធីល្លឺសុន ធ្លាក់ខ្លួនឈឺនោះ ត្រូវបានលោក Steve អះអាងថា ក៏ព្រោះតែរដ្ឋមន្ត្រីការបរទេសរូបនេះ បានធ្វើដំណើរ និងបំពេញការងារជាប់ៗគ្នារយៈពេល ០២ថ្ងៃ ដោយមិនបានទទួលទានដំណេកបន្តិចនោះឡើយ។
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ធីល្លឺសុន នឹងត្រូវរៀបចំនាពេលក្រោយទៀត ក្នុងនោះមានទាំងការធ្វើទស្សនកិច្ច នៅកន្លែងដែលស្ថានទូតអាមេរិករងការវាយប្រហារដោយគ្រាប់បែក កាលពីឆ្នាំ១៩៩៨ នៅក្នុងទីក្រុងណៃរ៉ូប៊ី ផងដែរ។
សម្រាប់ដំណើរទៅកាន់តំបន់អាហ្វ្រិកនោះ លោក ធីល្លឺសុន បានទៅដល់ប្រទេស អេត្យូពី និងជីបួទី (Djibouti) រួចទៅហើយ ប៉ុន្តែសម្រាប់កេនយ៉ាវិញ លោកនឹងចាប់ផ្តើមបំពេញទស្សនកិច្ចនៅពេលលោកប្រសើរឡើងនៅថ្ងៃបន្ទាប់ រួចទើបបន្តដំណើរទៅប្រទេសឆាដ និងនីហ្សេរីយ៉ាជាកិច្ចបញ្ចប់៕