(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ចំណាប់ខ្មាំង ០៣នាក់ជាស្រ្តី និងជនសង្ស័យម្នាក់ជាខ្មាន់កាំភ្លើង ត្រូវគេរកឃើញថា បានបាត់បង់ជីវិត ក្រោយពីក្រុមប៉ូលិសបានសម្រុកចូលទៅក្នុងមជ្ឈមណ្ឌលថែទាំអតីតយុទ្ធជនមួយកន្លែង នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។
បើតាមសេចក្តីរាយការណ៍ នៃបណ្តាញព័ត៌មានក្នុងស្រុករបស់អាមេរិក កងទ័ពជាច្រើននាក់ ត្រូវបានបញ្ជូនទៅកាន់ មជ្ឈមណ្ឌលថែទាំអតីតយុទ្ធជន ក្នុងទីក្រុង យូនវីឡេ (Yountville) ខណៈបុរសជាខ្មាន់កាំភ្លើងមានវ័យ ៣៦ឆ្នាំ ស្ថិតក្នុងឈុតអាវក្រោះពណ៌ខ្មៅ ប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិមួយដើម បានសម្រុកចូលទៅក្នុងមជ្ឈមណ្ឌលខាងលើ ហើយចាប់ស្រ្តី ០៣នាក់ជាចំណាប់ខ្មាំង។ ក្រោយមកទោះជាកម្លាំងប៉ូលិស បានព្យាយាមចរចា ដើម្បីឲ្យមានការដោះលែងចំណាប់ខ្មាំងយ៉ាងណាក្តី ស្រ្តីដ៏អភ័ព្វទាំងបីនាក់ នៅតែត្រូវបាត់បង់ជីវិតដដែល។
គួរជម្រាបថា ស្រ្តីជាចំណាប់ខ្មាំងទាំង ០៣នាក់ គឺជាបុគ្គិលបម្រើការនៅក្នុងមជ្ឈមណ្ឌល Pathway Home ជាកម្មវិធីឯកជនដែលមើលថែទាំ ក៏ដូចជាជួយដល់អតីតយុទ្ធជនអាមេរិក ដែលបានឆ្លងកាត់សង្រ្គាមអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ដោយមានជំងឺស្រ្តេសធ្ងន់ធ្ងរ ក្រោយពីវិលត្រឡប់មកដល់ប្រទេសកំណើតវិញ ហើយខ្មាន់កាំភ្លើង ដែលអត្តសញ្ញាណត្រូវប៉ូលិសបានដឹង តែពុំត្រូវបញ្ចេញជាសាធារណៈវិញនោះ ត្រូវគេជឿជាក់ថា គឺជាសមាជិកនៃមជ្ឈមណ្ឌល Pathway Home៕