(បាងកក)៖ យន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់បុកដីនៅក្នុងខេត្តភូកេត (Phuket) នៃប្រទេសថៃ នាថ្ងៃសៅរ៍នេះ ដោយបានបណ្តាលឲ្យមនុស្ស០២នាក់ស្លាប់ និង០២នាក់ផ្សេងទៀតទទួលរងរបួសជាទម្ងន់។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរថៃ ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។
យន្តហោះរៀនហោះហើរខាងលើជាកម្មសិទ្ធិរបស់សមាគមអាកាសចរណ៍ Siam បានធ្លាក់នៅក្នុងចម្ការកៅស៊ូមួយក្លែង ក្នុងស្រុកថាឡាង (Thalang) នៃខេត្តក៏ដូចជាកោះទេសចរណ៍ដ៏ល្បីល្បាញនេះ ដែលស្ថិតនៅចម្ងាយប្រមាណ៨៤០គីឡូម៉ែត្រពីរាជធានីបាងកក កាលពីវេលាម៉ោងប្រហែលជា១០៖២០នាព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅក្នុងតំបន់)។
គួរជម្រាបថា មនុស្ស០២នាក់ ក្នុងចំណោមអ្នកដំណើរទាំង០៤នាក់ នៅលើយន្តហោះនោះ ដែលមិនទាន់ត្រូវកំណត់អត្តសញ្ញាណបាន ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិតនៅហ្នឹងកន្លែង ខណៈ០២នាក់ដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ជាមួយគ្នានេះ ប៉ូលិស ពុំទាន់ដឹងច្បាស់ពីមូលហេតុនៃការធ្លាក់យន្តហោះនៅឡើយទេ ប៉ុន្តែកំពុងបន្តការស៊ើបអង្កេត៕