(វ៉ាស៊ីនតោន)៖ ក្រុមវិស្វករជំនាញៗនៅសហរដ្ឋអាមេរិក បានដាក់សំណើស្តីពីវិធីសាស្រ្តថ្មីមួយ ដើម្បីកាត់បន្ថយហានិភ័យ នៃការត្រូវរន្ទះបាញ់លើយន្តហោះ ដោយមធ្យោបាយនោះគឺបំពាក់ប្រព័ន្ធមួយ នឹងការពារយន្តហោះ តាមរយៈការសាកថាមពលទៅឲ្យពួកវា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។
ការសិក្សាស្រាវជ្រាវខាងលើ ដែលចេញផ្សាយនៅក្នុងលេខថ្មីចុងក្រោយបំផុត នៃទស្សនាវដ្តីវិទ្យាសាស្រ្តរបស់សមាគមវិស្វកម្មផ្នែកអាកាសចរណ៍ American Institute of Aeronautics and Astronautics បានរកឃើញថា ប្រសិនបើយន្តហោះមួយគ្រឿង ត្រូវបានសាកបញ្ជូលចរន្តអគ្គិសនី ទៅដល់កម្រិតត្រឹមត្រូវមួយ ភាគរយរបស់វាដែលនឹងត្រូវរន្ទះបាញ់ ទំនងជាថយចុះច្រើន។ ក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍ បានប៉ាន់ប្រមាណថា យន្តហោះដឹកអ្នកដំណើរនីមួយៗ នៅក្នុងពិភពលោក ត្រូវប្រឈមនឹងរន្ទះបាញ់ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។
គួរជម្រាបថា នៅក្នុងលក្ខខណ្ឌអាកាសដែលមានព្យុះ និងរន្ទះ ផ្នែកខាងក្រៅរបស់យន្តហោះ អាចដើរតួជាបង្គោលទាក់ទាញរន្ទះមួយ ដែលបង្កឲ្យមានរន្ទះបាញ់ ដែលអាចបណ្តាលឲ្យទម្រង់ផ្នែកខាងក្រៅរបស់យន្តហោះខូចខាត និងប៉ះពាល់ដល់គ្រឿងអេឡិចត្រូនិចនានារបស់វានៅលើនោះ។ យ៉ាងណាមិញ ទោះបីជារន្ទះផ្ទាល់ បង្កគ្រោះថ្នាក់តិចតួចបំផុតដល់អ្នកដំណើរ ដែលនៅក្នុងយន្តហោះយ៉ាងណាក៏ដោយ យន្តហោះដែលត្រូវបានរន្ទះបាញ់ ជារឿយៗតែត្រូវឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព ដែលអាចបង្កភាពរាំងស្ទះ ដល់ជើងហោះហើរបន្ទាប់របស់វា៕