(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាលើកលែងទោសដលើមន្ត្រីកងទ័ពជើងទឹកអាមេរិកមួយរូប ដែលត្រូវបានសម្រេចឲ្យជាប់ពន្ធនាគារ ដោយសារតែរូបគេបានថតរូប នៅក្នុងបន្ទប់បញ្ជាការពិសេស នៃនាវាមុជទឹកនុយក្លេអ៊ែរ ដែលជារឿងសម្ងាត់បំផុតមួយ ពាក់ព័ន្ធនឹងសន្តិសុខជាតិនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។
មន្ត្រីកងទ័ពជើងទឹកខាងលើនេះ មានឈ្មោះ គ្រីស្ទាន សូស៊ឺ (Kristian Saucier) ត្រូវបានទទួលរងការចោទប្រកាន់ កាលពីខែឧសភា ឆ្នាំ២០១៦ លើបទល្មើសចំនួនពីរករណី នោះគឺការប្រើប្រាស់ទូរស័ព្ទដៃ ថតរូបនៅក្នុងបន្ទប់បញ្ជាការ នៃនាវាមុជទឹកដ៏សម្ងាត់របស់កងទ័ពជើងទឹក និងមួយទៀត គឺលោកបានធ្វើឲ្យខូចឧបករណ៍ដែលខ្លួនកាន់កាប់ នៅអំឡុងពេលដែលលោកកំពុងស្ថិត នៅក្នុងការស៊ើបអង្កេតនៅឡើយនោះ ហើយក្រោយមកត្រូវបានតុលាការ សម្រេចឲ្យជាប់គុករយៈពេល ១២ខែ។
សេតវិមានអាមេរិក បានឲ្យដឹងនៅថ្ងៃសុក្រសប្តាហ៍នេះថា «លោកប្រធានាធិបតីបាន សម្រេចលើកលែងទោស លោក គ្រីស្ទាន សូស៊ឺ ពីការជាប់ពន្ធនាគារយោធា ក្នុងរយៈពេល ១២ខែនោះហើយ»។ នេះជាលើកទីពីរហើយ ក្នុងតំណែងជាប្រធានាធិបតីអាមេរិក ដែលលោក ដូណាល់ ត្រាំ បានប្រើសិទ្ធិលើកលែងទោស ចំពោះមន្ត្រីយោធាដែលបានប្រព្រឹត្តបទល្មើស ហើយមន្ត្រីយោធាទី ១ ដែលត្រូវបានលើកលែងទោសដែរនោះ គឺលោក Joe Arpaio ដែលបានរងការចោទប្រកាន់ កាលពីខែសីហា ឆ្នាំ២០១៧៕