(អាមេរិក)៖ ក្តីព្រួយបារម្ភកំពុងមានការកើនឡើង អំពីផលប៉ះពាល់ នៃគោលការណ៍ដំឡើងពន្ធរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ទៅលើការនាំចូលដែកថែប និងអាលុយមីញ៉ូម មកកាន់សហរដ្ឋអាមេរិក ដែលអាចបង្កឲ្យមានការកើនតម្លៃ នៅក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ផ្គត់ផ្គង់វិស័យថាមពល។ នេះបើតាមព្រឹទ្ធសមាជិកអាមេរិក នៃរដ្ឋអាឡាស់ស្កា លោកស្រី លីសា មើកូវស្គី (Lisa Murkowski) ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។
ថ្លែងពាក់ព័ន្ធនឹងការសម្រេចចិត្ត ដ៏ចម្រូងចម្រាសរបស់សេតវិមាន ដែលទទួលរងការព្រមាន ក៏ដូចជារិះគន់យ៉ាងចាស់ដៃពីអន្តរជាតិ លោកស្រី Murkowski ដែលមានតួនាទីជាប្រធានគណៈកម្មាធិការថាមពល និងធនធានធម្មជាតិនៃព្រឹទ្ធសភាអាមេរិកផងដែរនោះ បាននិយាយថា នាពេលនេះកំពុងមានក្តីព្រួយបារម្ភថា ការដំឡើងពន្ធនេះ នឹងធ្វើឲ្យការចំណាយក្នុងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្គត់ផ្គង់ថាមពល មានការកើនឡើងជាខ្លាំង។
គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាជាផ្លូវការលើបទបញ្ជាថ្មីមួយ ដើម្បីចាត់អនុវត្តន៍ការដំឡើងពន្ធ ២០ភាគរយ ទៅលើការនាំចូលដែកថែប និង ១០ភាគរយ ទៅលើការនាំចូលអាលុយមីញ៉ូម នៅចំពោះមុខការព្រមានចាត់វិធានការ តបតមកវិញពីសំណាក់អន្តរជាតិ៕