គួរឲ្យចាប់អារម្មណ៍បំផុត! តាមពិតលោក គីម ជុងអ៊ុន បានផ្ញើសារសម្ងាត់មួយជូន លោក ដូណាល់ ត្រាំ តែមិនមានការបង្ហើបថា ជាអ្វីនោះឡើយ...
10-03-2018 09:44
(វ៉ាស៊ីនតោន)៖ ក្រៅពីការអញ្ជើញរបស់ លោក គីម ជុនអ៊ុន ទៅកាន់លោក ត្រាំ ដើម្បីបើកកិច្ចប្រជុំកំពូលជួបមុខគ្នាផ្ទាល់ បេសកជនពិសេសកូរ៉េខាងត្បូង បានប្រគល់សារផ្ទាល់មាត់ពិសេសមួយផ្សេងទៀត របស់មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ ទៅឲ្យលោកប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។
ព័ត៌មានខាងលើត្រូវបានបង្ហើបឲ្យដឹង តាមរយៈមន្រ្តីរដ្ឋាភិបាលទីក្រុងសេអ៊ូលមួយរូប ដែលបានបដិសេធសុំមិនបញ្ចេញខ្លឹមសារលម្អិត នៃសារពិសេសនេះឡើយ ដោយលើកឡើងថា វាគឺជាការទំនាក់ទំនងផ្ទាល់ខ្លួនរវាងមេដឹកនាំទាំងពីរ ប៉ុន្តែមន្រ្តីរូបនោះ បានឲ្យតំរុយថា អត្ថន័យនៃសារផ្ទាល់មាត់នោះ គឺស៊ីជម្រៅជាងអ្វីដែលបានពាំនាំដោយបេសកជនពិសេស។
បើតាមប្រភពពីមន្រ្តីដដែល លោក គីម បានស្នើឲ្យបេសកជនពិសេសកូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) ពាំនាំយកសារពិសេសមួយមកឲ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយវាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ លោក គីម ក្នុងការកសាងភាពជឿជាក់ឆ្ពោះទៅរកការបើកកិច្ចប្រជុំកំពូលជាមួយ លោក ត្រាំ។
គួរជម្រាបថា លោក ដូណាល់ ត្រាំ បានទទួលយកការអញ្ជើញពី លោក គីម ជុងអ៊ុន ឲ្យបើកកិច្ចប្រជុំកំពូលមិនឲ្យលើសពីខែឧសភាឆ្នាំនេះ បន្ទាប់ពីរូបលោកត្រូវបានរាយការណ៍ដោយ លោក ជុង អ៊ុយយ៉ុង ដែលជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសន្តិសុខជាតិរបស់ លោក មូន ជែអ៊ីន អំពីជំនួបរបស់លោក ជុង ជាមួយលោក គីម នៅទីក្រុងព្យុងយ៉ាង កាលពីដើមសប្តាហ៍នេះ៕