(ប៉េកាំង)៖ មហាអំណាចចិន និងរុស្ស៊ី បានបង្ហាញការស្វាគមន៍ចំពោះគម្រោងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីធ្វើកិច្ចជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយចាត់ទុកថា សារវិជ្ជមាន និងជាជំហាន ឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវមួយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨។
«យើងសូមស្វាគមន៍ចំពោះសារដ៏វិជ្ជមាន ដែលកូរ៉េខាងជើង និងអាមេរិកឆ្ពោះទៅរកការធ្វើកិច្ចពិភាក្សា» នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang ដកស្រង់ដោយសារព័ត៌មាន។ អ្នកនាំពាក្យរូបនេះបានបន្តថា កិច្ចប្រឹងប្រែងដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងជាការឆ្ពោះទៅរកទិសដៅត្រឹមត្រូវ។ លោកបានបង្ហាញការគាំទ្រ ដល់បណ្តាប្រទេសពាក់ព័ន្ធឱ្យផ្ដោតការយកចិត្តទុកដាក់ ទៅលើការដោះស្រាយបញ្ហាតាមរយៈកិច្ចចរចា និងកិច្ចសហប្រតិបត្តិការ។
ជាមួយគ្នានេះ សម្រាប់រដ្ឋាភិបាលទីក្រុងម៉ូស្គូវិញ តាមរយៈរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានសាទរចំពោះគម្រោងនៃជំនួបកំពូលរវាងមេដឹកនាំអាមេរិក-កូរ៉េខាងជើងខាងលើផងដែរ។ លោក Lavrov បានថ្លែងដូច្នេះថា «យើងពិតជាសង្ឃឹមថាជំនួបនេះ (រវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន) នឹងប្រព្រឹត្តតាមការរំពឹងទុក ពីព្រោះថាវាច្បាស់ណាស់ ដែលជំនួបដ៏កម្របែបនេះ គឺជារឿងចាំបាច់ ដើម្បីជួយធ្វើឲ្យស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េ មានភាពប្រសើរឡើងវិញ»។
សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានយល់ព្រមតាមសំណើរដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីសំណាក់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន ក្នុងការរៀបចំកិច្ចប្រជុំកំពូលបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ លោកបានថ្លែងថា កិច្ចប្រជុំនេះនឹងរៀបចំឡើងនៅខែឧសភាខាងមុខ។
ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Chung Eui-yong បានបញ្ជូនសារអំពីបំណងរបស់កូរ៉េខាងជើង ដែលចង់ធ្វើកិច្ចចរចាជាមួយអាមេរិកពីថ្ងៃសុក្រម្សិលមិញ ក្នុងឱកាសនៃ ការថ្លែងសុន្ទរកថា អំពីលទ្ធផលសម្រេចបាននៃទស្សនកិច្ចរបស់លោក នៅទីក្រុងព្យុងយ៉ាងកាលពីដើមសប្តាហ៍នេះ ក្នុងនាមជាប្រតិភូជាន់ខ្ពស់ដំណាងប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជែអ៊ីន៕