(ញូដេលី)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានមកដល់រដ្ឋធានីញូដេលីកាលពីយប់ថ្ងៃសុក្រ ម្សិលមិញនេះ ហើយនឹងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់លោក នៅប្រទេសមហាយក្សលេខ ២ នៅអាស៊ី គឺសាធារណរដ្ឋឥណ្ឌា ក្នុងរយៈពេល ០៤ គិតចាប់ពីថ្ងៃសៅរ៍នេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។
យោងតាមក្រសួងការបរទេសឥណ្ឌា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នឹងជួបស្វាគមន៍ លោក ម៉ាក្រុង ដើម្បីសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនដល់មេដឹកនាំប្រទេសសេដ្ឋកិច្ចកំពូលទី ២ នៅទ្វីបអឺរ៉ុបមួយនេះ។ មេដឹកនាំទាំងពីររូបក៏នឹងធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួនថែមទៀតផង ស្របទៅតាមអ្វីដែលបានសន្យារួចទៅហើយរវាងភាគីទាំងពីរ កាលពីឥណ្ឌាចូលរួមក្នុងសន្និសីទអាកាសធាតុទីក្រុងប៉ារីស កាលពីចុងឆ្នាំ២០១៥។
គួរបញ្ជាក់ថា ដំណើរមកដល់នៃប្រធានាធិបតីវ័យក្មេងរបស់បារាំង មកកាន់ប្រទេសឥណ្ឌា គឺស្ថិតនៅក្នុងគោលដៅបង្កើនទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ និងការផ្សាភ្ជាប់ទំនាក់ទំនងជាយុទ្ធសាស្ត្ររួម នៃប្រទេសសេដ្ឋកិច្ចធំៗទាំងពីរនេះ។ សម្រាប់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ ១១ពាន់លានដុល្លារ កាលពីអំឡុងខែមេសា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧ ខណៈដែលវិនិយោគទុនរបស់បារាំង ឈរនៅលេខរៀងទី ៩ នៅប្រទេសឥណ្ឌា៕