(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងលែងចាំបាច់ត្រូវភ្ញាក់ពីដំណេកមុនពេលនាព្រឹកព្រលឹម ហើយកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាអំពីការបាញ់សាកល្បងមីស៊ីលផ្លោង របស់ប្រទេសកូរ៉េខាងជើងទៀតឡើយ។ នេះបើតាមមន្រ្តីពីវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។
បើតាមប្រភពព័ត៌មានពីមន្រ្តីខាងលើ លោក គីម ជុងអ៊ុន បានធ្វើការលើកឡើងបែបនេះ នៅក្នុងអំឡុងជំនួបពិភាក្សាជាមួយក្រុមបេសកជន ពិសេសទៅពីកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយលោកបាននិយាយថា រូបលោកបានសម្រេចផ្អាក រាល់ការធ្វើតេស្តមីស៊ីលផ្លោងនានា។ ម៉្យាងវិញទៀត លោក គីម បានបន្ថែមថា នៅពេលណាដែលមានបញ្ហា នាពេលនេះលោក អាចដោះស្រាយវាបានយ៉ាងងាយ តាមរយៈការធ្វើកិច្ចសន្ទនាដោយផ្ទាល់ តាមខ្សែទូរស័ព្ទបន្ទាន់ជាមួយលោក មូន។
គួរជម្រាបថា ក្នុងអំឡុងជំនួបនាថ្ងៃចន្ទកន្លងទៅនេះ លោក គីម ជុងអ៊ុន បានព្រមព្រៀងបើកខ្សែទូរស័ព្ទបន្ទាន់ជាមួយ លោក មូន ជែអ៊ីន, បើកកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទីបី នៅចុងខែមេសា, បង្ហាញពីឆន្ទៈក្នុងការបើកកិច្ចចរចា លុបបំបាត់អាវុធនុយក្លអ៊ែរជាមួយសហរដ្ឋអាមេរិក ដោយអញ្ជើញ លោក ដូណាល់ ត្រាំ ជួបមុខគ្នា, និងផ្អាកការធ្វើតេស្តមីស៊ីល និងអាវុធនុយក្លេអ៊ែរនានា ខណៈដែលកិច្ចសន្ទនាប្រព្រឹត្តទៅ។
គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងជើង ជារឿយៗតែងធ្វើតេស្តមីស៊ីល នៅវេលាទាបភ្លឺក្នុងតំបន់ ដូចជាម៉ោង ០៤៖០០នាទី ឬ ០៥៖០០នាទីព្រឹកព្រហាមជាដើម ហើយវាគឺជានីតិវីធីស្តង់ដា ដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ធ្វើការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ ដើម្បីស្ទាបស្ទង់ស្ថានការណ៍ រាល់ពេលដែលទីក្រុងព្យុងយ៉ាង ធ្វើការបាញ់សាកល្បងសព្វាវុធទាំងនេះ៕