(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ​បេសកជនពិសេសកូរ៉េខាងត្បូង ដែលទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ប្រាប់ឲ្យដឹងថា ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ យល់ព្រមទទួលជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅខែឧសភាខាងមុខនេះ។

២៖ ទីបំផុត ដូណាល់ ត្រាំ ចុះហត្ថលេខា​តម្លើងពន្ធនាំចូល​ ដែក-អាលុយមីញ៉ូម ចំពោះមុខ​ការព្រមាន​វាយបក ពីបណ្តា​ប្រទេសធំៗ ក្នុង​សកល​លោក។

៣៖ យោធាលីប៊ី អំពាវនាវ​ឲ្យជនជាតិអាហ្វ្រិក​ទាំងអស់ ចាកចេញពី​ភាគខាងកើតជាបន្ទាន់ ខណៈការ​បង្ក្រាបទ្រង់​ទ្រាយធំនឹង​ផ្ទុះឡើង។

៤៖ អង្គការ NASA បញ្ចេញរូបភាពនៃភពផែនដីយើង ដែលកែវយឺតអវកាស Kepler ថតយកបានពីរយៈចម្ងាយ១៥១លានគីឡូម៉ែត្រ។

៥៖ មេដឹកនាំកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ថ្លែងស្វាគមន៍គម្រោង​កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង​ ថាជារឿងប្រវត្តិសាស្រ្តនៃ​សន្តិភាព​នៅឧបទ្វីបកូរ៉េ។

៦៖ បែកធ្លាយ​ព័ត៌មាន​រសើបបំផុត គឺលុយ​អតីតមេដឹកនាំលីប៊ីលោក ហ្គាដាហ្វី ជាង១០ពាន់លានដុល្លារ បាត់ចេញពី​គណនីធនាគារ ដោយ​មិន​​ដឹង​ជា​​ទៅណា។

៧៖ ចាប់តាំង​ពីលោក ស៊ី ជិនពីង ឡើងជា​ប្រធានាធិបតីចិន មន្ត្រីពុករលួយ​ជាន់ខ្ពស់សរុប ១០១នាក់ ត្រូវបានបោសសម្អាត។