ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក រវាងយោធាហ្វីលីពីន និងក្រុមឧទ្ទាម បន្សល់ទុកមនុស្ស ១២នាក់ស្លាប់!
09-03-2018 17:59
(ម៉ានីល)៖ យោធាហ្វីលីពីននៅថ្ងៃសុក្រនេះបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់ ១២នាក់ ក្នុងចំណោម ៥០នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដ៏សាហាវ ជាមួយយោធាហ្វីលីពីន នៅភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យយោធាហ្វីលីពីន លោក អាវីន អេញស៊ីណាស់ (Arvin Encinas) បានឱ្យដឹងថា ការប៉ះទង្គិចគ្នា ខាងលើបានកើតឡើងនៅម៉ោង ០៦៖០០នាទីព្រឹក កាលពីថ្ងៃព្រហស្បតិ៍នៅឯភូមិ ឡូវើ សាលប៊ូ (Lower Salbu) នៃទីក្រុង ដេត សូដី អាំផាទួន (Date Saudi Ampatuan) ស្ថិតនៅក្នុងខេត្ត ម៉ាហ្គាន់អ៊ីនដាណាវ (Magunindanao)។ លោកបន្ថែមថា ក្រុមសកម្មប្រយុទ្ធ ២៣នាក់ ជាសមាជិករបស់ក្រុម Bangsamoro Islamic Freedom Fighters (BIFF) និងយោធាហ្វីលីពីនម្នាក់ ក៏បានរងរបួសផងដែរ។
គួរបញ្ជាក់ថា បើតាមយោធាហ្វីលីពីន BIFF មានក្រុមសកម្មប្រយុទ្ធពី ២០០ ទៅ ៣០០នាក់ ក្នុងនោះភាគច្រើនជាអតីតក្រុមសកម្មប្រយុទ្ធ មកពីក្រុមចលនា ម៉ូរ៉ូ (Moro Islamic Liberation Front) ដែលបានចុះហត្ថលេខាសន្តិភាព ជាមួយរដ្ឋាភិបាលទីក្រុងម៉ានីលកាលពីឆ្នាំ២០១៥។ លើសពីនេះទៅទៀត ក្រុមសកម្មប្រយុទ្ធ BIFF មួយចំនួនបានចូលរួមប្រយុទ្ធជាមួយក្រុម ISIS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់៕