(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការតម្លើពន្ធនាំចូលលើ ដែកថែប និងអាលុយមីញ៉ូម អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។
ការថ្លែងបែបនេះរបស់ លោក Kono ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយតម្លើងពន្ធ ២៥ភាគរយ លើដែកថែប និង ១០ភាគរយ លើអាលុយមីញ៉ូម ដែលនាំចូលមកកាន់សហរដ្ឋអាមេរិក។
លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃសុក្រនេះ យ៉ាងដូច្នេះថា «ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក គឺជារឿងមួយគួរឱ្យសោកស្ដាយ ព្រមទាំងអាចនឹងធ្វើឱ្យប៉ះពាល់ដល់ ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងពិភពលោកថែមទៀត»។
លើសពីទៅទៀត លោក Kono ក៏បានអះអាងដែរថា ទីក្រុងតូក្យូ នឹង ពិចារណាចំពោះវិធានការឆ្លើយតប ប៉ុន្តែលោកនៅតែអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន លើកលែងការតម្លើងពន្ធនេះលើជប៉ុន ដូចជាមិចស៊ីកូ និងកាណាដាដែរ។
គួរបញ្ជាក់ថា ប្រទេសជាច្រើនក្នុងនោះរួមមានទាំងចិន និងសហភាពអឺរ៉ុប បានសម្ដែងការខឹងសម្បារ និងសោកស្ដាយជាខ្លាំង ចំពោះគោលនយោបាយគាំពារនិយមរបស់ លោក ដូណាល់ ត្រាំ ដោយសង្កត់ធ្ងន់ថា ខ្លួននឹងចាត់វិធានការចាំបាច់នានា ដើម្បីសងសឹកជាមួយទីក្រុងវ៉ាស៊ីនតោន បើសេដ្ឋកិច្ចរបស់ពួកគេរងផលប៉ះពាល់៕