(ម៉ូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយប៊ែលហ្សិកមួយឈ្មោះថា Le Vif weekly នាពេលថ្មីៗនេះ បានរាយការណ៍ថា មូលនិធិជាង ១០ពាន់លានអឺរ៉ូ (ជិត ១៣ពាន់លានដុល្លារ) របស់រដ្ឋាភិបាលលីប៊ី ដែលត្រូវបានគេបង្កកទុក ជាផ្នែកមួយនៃការដាក់ទណ្ឌកម្មប្រឆាំងនឹងអតីតមេដឹកនាំលីប៊ី លោក មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) បានបាត់ចេញពីគណនីធនាគារមួយ ក្នុងប្រទេសប៊ែលហ្សិកដោយអាថ៌កំបាំងបំផុត នៅចន្លោះពីឆ្នាំ២០១៣ និងឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។
យោងតាមការស៊ើបអង្កេតរបស់ខ្លួន Le Vif weekly បានបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ គណនីចំនួន ០៤ នៃធនាគារប៊ែលហ្សិក Euroclear Bank ដែលជាកម្មសិទ្ធិរបស់អាជ្ញាធរវិនិយោគលីប៊ី (LIA) និងក្រុមវិនិយោគបរទេសលីប៊ី (LFICO) នៅក្នុងប្រទេសបារ៉ែន និងលុចហ្សំបួរ មានប្រាក់ត្រូវបានបង្កកជាង ១៦.១ពាន់លានអឺរ៉ូ តម្កល់នៅទីនោះ។ ប៉ុន្តែនៅពេលអាជ្ញាធរប៊ែលហ្សិក ព្យាយាមរឹបអូសប្រាក់ទាំងនេះកាលពីឆ្នាំ២០១៧ ស្រាប់តែប្រាក់នៅក្នុងនោះ នៅសល់តែ ០៥ពាន់លានអឺរ៉ូ តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាម Le Vif weekly មានភស្ដុតាងមួយចំនួនបង្ហាញថា រដ្ឋាភិបាលប៊ែលហ្សិក បានបរាជ័យក្នុងការអនុវត្តច្បាប់ របស់អង្គការសហប្រជាជាតិ ទាក់ទិននឹងការបង្កកទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល លោក Gaddafi នៅក្រៅប្រទេស។ នៅមុនឆ្នាំ២០១១ លីប៊ីអាចនិយាយបានថា ជាមហាសេដ្ឋីប្រេង និងប្រទេសរីកចំរើនជាងគេបំផុត ក្នុងតំបន់អាហ្វ្រិកខាងជើង។ ប៉ុន្តែ ក្រោយរដ្ឋាភិបាលលោក Muammar Gaddafi រលំរលាយ លីប៊ីពីមុនបានស្លាប់ទៅជាមួយមេដឹកនាំរូបនេះ ដែលលោកខាងលិចហៅថា ជាជនផ្ដាច់ការ និងបន្សល់ទុកតែការបែកបាក់ជាតិ អសន្តិសុខ និងវិបត្តិសេដ្ឋកិច្ច ដែលជាមរតកនៃបដិវត្តន៍ របស់ប្រជាជនល៊ីប៊ីខ្លួនឯង ដែលត្រូវបានអុជអាលដោយលោកខាងលិច៕