(ប៉េកាំង)៖ ប្រព័ន្ធតុលាការចិនបានបិទបញ្ចប់ សំណុំរឿងពុករលួយ មានជាប់ពាក់ព័ន្ធនឹងអតីតមន្ត្រីជាន់ខ្ពស់ចិនថា្នក់ខេត្ត និងថ្នាក់ក្រសួង ១០១នាក់ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ នេះបើតាមតុលាការកំពូលប្រជាជនចិន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។
លោក ស៊ី ជិនពីង បានកាន់ដំណែងជាប្រធានាធិបតីចិន កាលពីចុងឆ្នាំ២០១២ ហើយក្នុងឆ្នាំដដែលនោះដែរ លោកត្រូវបានគេមើលឃើញថា បានចាប់ផ្ដើមពង្រឹងអំណាចកាន់តែខ្លាំង តាមរយៈការដាក់ចេញនូវយុទ្ធនាការ បោសសំអាតអំពើពុករលួយ ទាំងទៅលើមន្ត្រី នៅក្នុងជួរបក្សកុម្មុយនិស្ដចិន និងរដ្ឋាភិបាលរបស់លោក។
ការដាក់ចេញនូវយុទ្ធនាការនេះទៀតសោត ក៏ត្រូវបានគេចាត់ទុកផងដែរថា ជាការបង្រ្កាអំពើពុករលួយធំបំផុត គិតចាប់តាំងពីសម័យលោក ម៉ៅ សេទុង មក។ ពោលបើតាមរបាយករណ៍របស់អាជ្ញាធរចិន គិតត្រឹមដំណាច់ឆ្នាំ២០១៧ មន្ត្រីចិនជាង ១.៣៤លាននាក់ ក្នុងនោះមានទាំងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីធម្មតា ឬគេហៅថា «មន្ត្រីខ្លា និងមន្ត្រីរុយ» បានស្ថិតនៅក្រោមគោលដៅ នៃការស៊ើបអង្កេត ឬក៏ត្រូវបានគេចោទប្រកាន់ពីបទពុករលួយ។
បន្ថែមពីលើនេះ កុំថាឡើយមន្ត្រីជាន់ខ្ពស់ សូម្បីតែមន្ត្រីកំពូលៗក្នុងជួរគណបក្សកុម្មុយនិស្ដចិន ក៏មិនអាចរួចខ្លួនពីយុទ្ធនាការ ប្រឆាំងនឹងអំពើពុករលួយនេះបានដែរ។ ជាក់ស្ដែងមន្ត្រីកំពូលៗចិន មានដូចជាលោក ចូវ យុងកាង (Zhuo Yongkang), លោក ស៊ុន ចេងកៃ (Sun Zhengcai) និង លោក ហ្កូ បូសៀង (Guo Boxiang) ជាដើមត្រូវបានគេតុលាការចិនចោទប្រកាន់ និងកាត់ទោសឱ្យជាប់ពន្ធនាគារ។
គួរបញ្ជាក់ថា ដោយសារតែយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនេះឯង បានធ្វើឱ្យអំណាចរបស់លោក ស៊ី ជិនពីង រីកធំកាន់តែខ្លាំងរហូតដល់សមាជបក្ស ស្នើឱ្យលុបចោលការកំណត់អាណត្តិប្រធានាធិបតី ព្រមទាំងបញ្ចូលទ្រឹស្ដីរបស់លោក ទៅក្នុងរដ្ឋធម្មនុញ្ញចិន។ លោក ស៊ី នឹងត្រូវផុតអាណត្តិជាប្រធានាធិបតីចិន នៅឆ្នាំ២០២៣ ប៉ុន្តែបើសិនជារដ្ឋធម្មនុញចិនត្រូវបានធ្វើវិសោធនកម្ម នោះលោកអាចនឹងក្លាយជាប្រធានាធិបតីចិនដំបូងគេបំផុត ដែលកាន់អំណាចយូរជាងគេ ឬអាចលើសឆ្នាំ២០២៣ ទៅទៀត៕