(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានលើកឡើងថា គម្រោងកិច្ចប្រជុំកំពូល ដែលត្រូវបានព្រមព្រៀងរវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នឹងក្លាយដំណាក់កាលដ៏សំខាន់មួយ នៃការវិវដ្តន៍ស្ថានការណ៍ សម្រាប់ការស្វែងរកសន្តិសុខ ឲ្យតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។
នៅព្រឹកថ្ងៃសុក្រនេះ បេសកជនពិសេសកូរ៉េខាងត្បូង ដែលបានចូលជួបលោក ដូណាល់ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោនបានឲ្យដឹងថា ប្រធានាធិបតីអាមេរិករូបនេះ បានយល់ព្រមជួបមុខមេដឹកនាំកំពូលរបស់កូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន នៅខែឧសភាឆ្នាំនេះ តបតាមការអញ្ជើញរបស់លោក គីម ដើម្បីសំដៅសម្រេចការលុបបំបាត់ចោលទាំងស្រុងនូវ អាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។
ជុំវិញការយល់ព្រមនេះ បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន តាមរយៈអ្នកនាំពាក្យរបស់លោកបាននិយាយថា កិច្ចប្រជុំកំពូលរវាងអាមេរិក និងកូរ៉េខាងជើង នឹងត្រូវកត់ត្រាទុកជាដំណាក់កាលដ៏សំខាន់មួយជាប្រវត្តិសាស្រ្ត នាពេលអនាគត ដែលបានបង្កើតសុខសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ។
គួរជម្រាបថា សម្រាប់កូរ៉េទាំងពីរ ក៏បានឯកភាពគ្នាបើកកិច្ចប្រជុំកំពូលមួយផ្សេងទៀតផងដែរ នៅអំឡុងចុងខែមេសា ខាងមុខក្នុងអគារ Peace House ខាងទឹកដីកូរ៉េខាងត្បូងនៃភូមិ Panmunjom នៅឯតំបន់ព្រំដែនអន្តរកូរ៉េ៕