(ម៉ូស្គូ)៖ មេបញ្ជាការយោធាពីររូប នៃមូលដ្ឋានយោធាយុទ្ធសាស្ត្ររបស់សហដ្ឋអាមេរិក បានបង្ហើបរឿងរ៉ាវដ៏រសើបបំផុតមួយ នោះគឺប្រទេសចិន ដែលកំពុងតែបង្កើតឃ្លាំងសពា្វវុធ តាមរយៈការទិញ ឬជួលដីស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រ និងមានតម្លៃខ្ពស់ ពីប្រទេសនានា ដែលខ្លួនអាចដាក់មូលដ្ឋានយោធា រួចសម្រេចបានជោគជ័យ ដោយមិនបាច់ប្រយុទ្ធ។ នេះបើតាមការចេញផ្សាយ ដោយបណ្តាញព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។
ការលើកឡើងរបស់មេបញ្ជាការយោធាថ្នាក់តំបន់ របស់អាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខកិច្ចប្រជុំគណកម្មការសភា ស្តីអំពីវិស័យការពារជាតិ។ មន្ត្រីដែលចូលរួមបកស្រាយ គឺលោក Navy Richard មេបញ្ជាការទ័ពជើងទឹក និងមេបញ្ជាការយោធាជើងទឹក ថ្នាក់តំបន់យុទ្ធសាស្ត្រអាមេរិកមួយរូបទៀត គឺឧត្តមនាវីឯក Robert Neller ។
មន្ត្រីយោធាខាងលើនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលដែលយើងនិយាយពីប្រទេសចិន ចំណុចសំខាន់គឺស្ថិតនៅឃ្លាខាងក្រោមនៃសៀវភៅនេះ។ មិនត្រឹមតែនៅក្នុងតម្លៃជាប្រាក់ដុល្លារ ឬជាសេននោះឡើយ ដែលគេបានគិតគូរនៅក្នុងការចំណាយទៅការពង្រីកឥទ្ធិពលយោធា និងបច្ចេកទេស ប៉ុន្តែអ្វីដែលគេកំពុងតែធ្វើ នៅជុំវិញពិភពលោកនោះ គឺការបង្កើនឃ្លាំងអាវុធ»។
មេបញ្ជាការយោធាអាមេរិក ថែមទាំងបានលើកឧទាហរណ៍ទៀតថា កាលពីរដូវក្តៅឆ្នាំ២០១៧ ប្រទេសចិនបានលើកលែងប្រាក់កម្ចីដ៏សន្ធឹកសន្ធាប់មួយ ដល់ប្រទេសស្រីលង្កា ប៉ុន្តែជាថ្នូរ ដែលប្រទេសស្រីលង្កាត្រូវតែផ្តល់ឲ្យទីក្រុងប៉េកាំងវិញ នូវការព្រមជួលដីតំបន់មួយ នៅកំពង់ផែ Hambantota ដ៏មានសក្តានុពលបំផុតផ្នែកសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីខាងត្បូងមួយ ក្នុងរយៈពេលជួល ៩៩ឆ្នាំ។ វាជាគំរោងដែលអាមេរិកចាត់ទុកថា ធំធេងប្រកបដោយមហិច្ឆតារបស់ចិន មានទំហំទឹកប្រាក់ ១.៤ពាន់ពាន់លានដុល្លារ ដែលចិនអះអាងថា ដើម្បីពង្រីកវិស័យពាណិជ្ជកម្ម។
ដោយឡែក លោកមេបញ្ជាការទ័ពជើងទឹក ឧត្តមនាវីឯក Robert Neller ក៏បានសង្កត់ធ្ងន់ផងដែរថា «ប្រទេសចិន បាននិងកំពុងលេងល្បែរយុទ្ធសាស្ត្រក្នុងរយៈពេលយូរ។ ចិនកំពុងតែទិញទីវាលចតយន្តហោះ និងកំពង់ផែ ដើម្បីបំពេញទៅតាមមហិច្ឆតារបស់គេ... នោះគឺការចង់ឈ្នះ ដោយមិនចាំបាច់ធ្វើសង្គ្រាម»។ មេបញ្ជាការរូបនេះក៏បានសង្កត់ធ្ងន់ថា ការលើកឡើងរបស់លោក គឺយោងទៅលើទិន្នន័យ នៃការបង្កើនថវិកាលើវិស័យយោធារបស់ចិន គិតចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន។
មេបញ្ជាការយោធាជើងទឹកយុទ្ធសាស្ត្រអាមេរិកទាំងពីររូបខាងលើនេះ ក៏ត្រូវបានដកស្រង់សម្តីផងដែរអំពីការគំរាមកំហែងពីសំណាក់រុស្ស៊ី ដោយក្នុងនោះ យោធាអាមេរិកមានការផ្តោតសំខាន់ លើសមត្ថភាពនៃនាវាមុជទឹករបស់ទីក្រុងម៉ូស្គូ ដែលជារឿងមួយ អាមេរិកមិនត្រូវមើលរំលងនោះឡើយ។ និយាយរួម គឺអាមេរិកមានការព្រួយបារម្ភ អំពីសមត្ថភាពវាយប្រហារក្រោមទឹករបស់រុស្ស៊ីតែម្តង ព្រមជាមួយនឹងការដើរតួនាទីរបស់រុស្ស៊ី នៅក្នុងសង្គ្រាមស៊ីរីជាដើម។
គួរបញ្ជាក់ថា ការលើកឡើងដ៏រសើបខាងលើនេះ មិនទាន់ទទួលបានប្រតិកម្មពីប្រទេសចិននៅឡើយទេ ប៉ុន្តែបើតាមការកត់សម្គាល់នោះ គឺរាល់ការលើកឡើងបែបវាយប្រហារពីសំណាក់មន្ត្រីយោធាអាមេរិក គឺតែងតែទទួលការវាយបកត្រឡប់ទៅវិញ ដោយក្រសួងការពារជាតិចិន។ ជុំវិញការចោទប្រកាន់របស់អាមេរិកកន្លងមក រួមទាំងបញ្ហានៅសមុទ្រចិនខាងត្បូងនោះ ប្រទេសចិនតែងតែតបទៅវិញថា ទីក្រុងប៉េកាំងបាននិងកំពុងព្យាយាមដើរតួនាទីរបស់ខ្លួនយ៉ាងល្អ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងអន្តរជាតិទាំងមូល ដោយមិនបានបង្កការគំរាមកំហែង ឬគាបសង្កត់ដល់ប្រទេសណាមួយឡើយ៕