(អាមេរិក)៖ ភពរបស់យើង មើលទៅហាក់ដូចជាប៉មបញ្ចេញពន្លឺដ៏ចែងចាំងមួយ នៅក្នុងរូបភាពមួយសន្លឹកថ្មី ដែលផ្តិតយកដោយកែវយឺតអវកាស Kepler ដែលជាឧបករណ៍ប្រមាញ់រកឃើញ ភពអេលៀនបានសរុបជាង ២,៥០០ភពហើយនោះ គិតមកទល់ពេលនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។
រូបថតខាងលើត្រូវបានទីភ្នាក់ងារអវកាស NASA បញ្ចេញជាសាធារណៈ កាលពីថ្ងៃពុធ ទី០៧ ខែមីនា ដែលជាគម្រប់ខួប ០៩ឆ្នាំ នៃការចាប់ផ្តើមបេសកកម្ម Kepler ហើយវាត្រូវផ្តិតយកបានកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីកែវយឺតអវកាស Kepler បានធ្វើការសម្រួលកែវយឺតរបស់វា ដើម្បីក្រឡេកទៅកាន់តំបន់ឃ្លាំមើលថ្មី។
ជាក់ស្តែងផែនដីត្រូវបានរំលេចឡើង ដោយមានពន្លឺចែងចាំងខ្លាំងខុសប្លែកពីធម្មតាបែបនេះ គឺដោយសារតែឧបករណ៍រំញ៉ោចនឹងពន្លឺរបស់ Kepler។ ឧបករណ៍មួយនេះ ត្រូវបានរចនាឡើង ដើម្បីអាចប្រទះឃើញការចុះខ្សោយនៃពន្លឺដ៏តូចៗ ដែលបង្កឡើងដោយភពអេលៀន (ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ) ធ្វើគោចរឆ្លងកាត់ពីមុខផ្កាយមេរបស់ពួកវា។
កាលពីពេលដែលរូបភាពដ៏កម្រថ្មីនេះ ត្រូវបានថតយក កែវយឺតអវកាស Kepler បានស្ថិតនៅចម្ងាយប្រហែល ១៥១លានគីឡូម៉ែត្រ ពីភពរបស់យើងកំពុងគោចរជុំវិញព្រះអាទិត្យ ដែលពិតជារូបភាពមួយដ៏កម្រ ដែលត្រូវបានថតក្នុងរយៈចម្ងាយ ស្មើនឹងចម្ងាយពីផែនដី ទៅព្រះអាទិត្យទៅហើយ។
ដោយឡែក នាពេលឆាប់ៗខាងមុខ កែវយឺតប្រមាញ់ភពថ្មីមួយផ្សេងទៀត នឹងចូលរួមបំពេញបេសកកម្មជាមួយ Kepler ដែរ ដោយវាមានឈ្មោះថា TESS ហើយនឹងត្រូវបាញ់បង្ហោះនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។ ភពមួយចំនួន ដែលត្រូវរកឃើញដោយ TESS ទំនងជានឹងត្រូវសិក្សាលម្អិត ដោយកែវយឺតអវកាសតម្លៃ ៨.៩ពាន់លានដុល្លារ James Webb របស់ NASA ដែលនឹងត្រូវធ្វើដំណើរទៅទីអវកាសនៅក្នុងឆ្នាំ២០១៩ ក្រោយពីមានការពន្យាពេល អស់ជាច្រើនលើកមកនោះ៕