(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញមុខបង្ហាញការប្រឆាំងយ៉ាងដាច់អហង្ការបស់ខ្លួន ទៅលើការសម្រេចតម្លើងថ្លៃពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូម ពីសំណាងសហរដ្ឋអាមេរិក ក្រោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ចុះហត្ថលេខាឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងសេចក្តីថ្លែងការណ៍ដោយក្រសួងសេដ្ឋកិច្ចចិននោះ «ប្រទេសចិនអំពាវនាវឲ្យសហរដ្ឋអាមេរិកគិតគូរឡើងវិញ អំពីប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងដកនយោបាយខាងលើនេះត្រឡប់ទៅវិញជាបន្ទាន់»។ ប្រទេសចិនក៏បានព្រមានផងដែរថា នឹងចាត់វិធានការដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ទាំងអស់របស់ខ្លួន។ ទង្វើអាមេរិកបែបនេះ ត្រូវបានទីក្រុងប៉េកាំងលើកឡើងថែមទៀតថា គឺជាការបំផ្លាញប្រព័ន្ធពាណិជ្ជកម្មពហុភាគី របស់អង្គការពាណិជ្ជកម្មពិភពលោក WTO យ៉ាងពិតប្រាកដ។
នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្រើប្រាស់អំណាចប្រតិបត្តិរបស់លោក ដោយចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ស្ដីពីការតម្លើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមមកកាន់សហរដ្ឋអាមេរិក។ យោងតាមបញ្ជាថ្មីនេះ សហរដ្ឋអាមេរិកនឹងតម្លើងពន្ធ ២៥ភាគរយ លើការនាំចូលដែកថែប និង ១០ភាគរយ លើអាលុយមីញ៉ូម ខណៈកាណាដា និងមិចស៊ីកូ ត្រូវបានលើកលែងពីគោលនយោបាយនេះ តាមការតម្រូវដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាមេរិកខាងជើង ឬហៅកាត់ថា NAFTA។
ជាមួយគ្នានោះដែរ ថ្លែងនៅឯពិធីចុះហត្ថលេខា នាថ្ងៃព្រហស្បតិ៍នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានិយាយថា លោកនឹងធ្វើការចរចាឡើងវិញនូវ កិច្ចព្រមព្រៀង NAFTA ហើយថាអ្វីដែល ធ្វើនៅពេលនេះអាច នឹងធ្វើឱ្យសហរដ្ឋអាមេរិកដឹងច្បាស់ពីមិត្តពិតប្រាកដ និងដើម្បីការពារសន្តិសុខជាតិអាមេរិក៕