ក្តៅគគុក! យោធាលីប៊ី អំពាវនាវឲ្យជនជាតិអាហ្វ្រិកទាំងអស់ ចាកចេញពីភាគខាងកើតជាបន្ទាន់ ខណៈការបង្ក្រាបទ្រង់ទ្រាយធំនឹងផ្ទុះឡើង...
09-03-2018 10:46
(ទី្រប៉ូលី)៖ កងកម្លាំងយោធាភាគខាងកើតលីប៊ី បានកំណត់ថ្ងៃទី១៧ ខែមីនា ជាថ្ងៃសម្រាប់ជនទាំងឡាយ ដែលមកពីបណ្តាប្រទេសអាហ្រ្វិកជិតខាង ចាកចេញឲ្យអស់ពីតំបន់ភាគខាងកើតត្បូង នៃប្រទេសលីប៊ីជាបន្ទាន់ ដើម្បីបើកឲ្យមានការបង្រ្កាបអំពើហិង្សា ដែលកំពុងតែពុះកញ្រ្ជោលខ្លាំងនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។
មេបញ្ជាការកងទ័ពលីប៊ី ដែលមានមូលដ្ឋាននៅភាគខាងកើតប្រទេស គឺនាយឧត្តមសេនីយ៍ ខាលីហ្វា ហាហ្វតា (Khalifa Haftar) នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានកំណត់ថ្ងៃទី១៧ ខែមីនា ជាថ្ងៃចុងក្រោយ សម្រាប់ការធ្វើដំណើរចាកចេញរបស់ជនទាំងឡាយ ដែលមកពីបណ្តាប្រទេសអាហ្រ្វិកក្បែរខាងនៃលីប៊ី ហើយបើផុតពេលវេលាកំណត់នេះ ពួកគេទាំងនោះ នឹងត្រូវជម្លៀសចេញដោយបង្ខំ តាមគ្រប់មធ្យោបាយធ្វើដំណើរទាំងផ្លូវគោក និងផ្លូវទឹក។
គួរជម្រាបថា ការអំពាវខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងក្តៅគុក នៅភាគខាងត្បូងប្រទេសលីប៊ី ត្រូវគេរាយការណ៍ថា បានបង្កឲ្យមនុស្សស្លាប់-របួសជាច្រើននាក់ និងធ្វើឲ្យរាប់រយនាក់ផ្សេងទៀត ភៀសខ្លួនពីលំនៅឋានរបស់ពួកគេ ខណៈអ្នកដែលមកពីប្រទេសឆាដ (Chad) នីហ្សេ (Niger) និង ស៊ូដង់ ជាដើម ត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងបញ្ហាជម្លោះ នៅតំបន់ភាគខាងត្បូងនោះ៕