(ស៊ីដនី)៖ គ្រោះរញ្ជួយដីមួយផ្សេងទៀតកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារចំដែនសមុទ្រភាគខាងកើតកោះ ឡាថាងហ្គៃ (Latangai) នៃប្រទេសដីកោះប៉ាពួញូហ្គីណេ ដែលហេតុការណ៍នេះ បានកើតឡើងមិនដល់ពីរសប្តាហ៍ផង ក្រោយពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៥រ៉ិចទ័រ បានវាយលុកយ៉ាងដំណំទៅលើប្រជាជាតិ ដែលនៅភាគនិរតី នៃតំបន់ប៉ាស៊ីហ្វិកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដីចុងក្រោយបំផុតនេះ បានកើតមានជាមួយជម្រៅ ១៥.២គីឡូម៉ែត្រក្រោមបាតសមុទ្រ ហើយភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍ ស្តីពីមនុស្សរងគ្រោះ ឬការបំផ្លិចបំផ្លាញធ្ងន់ធ្ងរអ្វីឡើយ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលឃ្លាំមើលរលកយក្សស៊ូណាមិ ប្រចាំតំបន់ប៉ាស៊ីហ្វិក ក៏បានឲ្យដឹងដែរថា វាពុំបានបង្កការគំរាមកំហែង ជារលកយក្សនោះទេ។
គួររំលឹកថា គ្រោះរញ្ជួយដី ដែលបានវាយប្រហារខេត្ត Southern Highlands របស់ប៉ាពួញូហ្គីណេ កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ បានបង្កឲ្យមនុស្សជាង ៣០នាក់ស្លាប់ និងរាប់រយនាក់រងរបួស ហើយបន្ទាប់ពីនោះ ហេតុការណ៍រំញ័រតូចៗមួយចំនួនទៀត ក៏បានកើតឡើងជាបន្តបន្ទាប់ ក្នុងចន្លោះជិតពីរសប្តាហ៍ចុងក្រោយនេះផងដែរ៕