BREAKING NEWS (Update): ដូណាល់ ត្រាំ និង គីម ជុងអ៊ុន ព្រមព្រៀងជួបគ្នានៅខែឧសភា ប៉ុន្តែមិនទាន់កំណត់កន្លែងត្រូវជួប!
09-03-2018 09:27
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀងថា នឹងជួបគ្នានៅខែឧសភាខាងមុខនេះ ដើម្បីពិភាក្សាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ នេះបើតាម បេសកជនពិសេសកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។
បេសកជនពិសេសកូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមាន នាឱកាសបំពេញដំណើរទស្សនកិច្ចក្នុងសហរដ្ឋអាមេរិក។ លោក Chung បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពីការប្ដេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរ ក៏ដូចជាបញ្ឈប់រាល់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីអាមេរិក ក៏បាននិយាយដែរថា លោកចង់ជួបជាមួយលោក គីម ជុងអ៊ុន នៅខែឧសភា ដើម្បីលុបបំបាត់ជាអចិន្ត្រៃយ៍នៃអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ ក៏ប៉ុន្តែភ្លាមៗ បេសកជនពិសេសរូបនេះ មិនបានបញ្ជាក់ពីទីកន្លែង ឬពេលវេលាជាក់ជាងនេះនោះទេ។
គួរបញ្ជាក់ថា កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថា អាវុធនុយក្លេអ៊ែររបស់ខ្លួន គឺទុកតែសម្រាប់ការពារខ្លួនពី ការឈ្លានពានណាមួយរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ហើយថាខ្លួននឹងឈប់បាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល បើសិនជាខ្លួនត្រូវបានធានាសន្តិសុខ។ តែយ៉ាងណាក៏ដោយ គេនៅត្រូវរង់ចាំអ៊ុតមើលស្ថានភាព នៅខែមេសាខាងមុខ នេះសិន ពោលគឺបើតាមការគ្រោងទុក ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល នឹងដឹកនាំធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែល ទីក្រុងព្យុងយ៉ាងចាត់ទុកថា ជាការគំរាមកំហែង៕