(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ថ្ងៃព្រហស្បតិ៍នេះ គឺជាថ្ងៃរំលឹកខួប០៤ឆ្នាំ នៃការបាត់ខ្លួនដោយអាថ៌កំបាំងរបស់យន្ដហោះ Boeing 777 ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ នៅឯភាគខាងត្បូងមហាសមុទ្រឥណ្ឌា ជាមួយមនុស្សនៅលើនោះ ទាំងអស់ ២៣៩នាក់៕
២៖ គណៈកម្មការនៃសហភាពអឺរ៉ុប នៅទីបំផុតបានប្រកាសគាំទ្រជាចំហ ចំពោះសំណើដែលមានគោលដៅ វាយបកនឹងគម្រោងដំឡើងថ្លៃពន្ធរបស់សហរដ្ឋអាមេរិក ទៅលើផលិតដែកថែប និងអាលុយមីញ៉ូម ដោយថា EU ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបដោយស្របទៅតាមច្បាប់របស់ អង្គការពាណិជ្ជកម្មពិភពលោក WTO នៅពេលដែលចំណាត់ការរបស់អាមេរិក បង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់សហភាពអឺរ៉ុប៕
៣៖ គ្រោះរញ្ជួយដីមួយមានកម្រិត ៥.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់កោះភាគខាងកើត នៃប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ៕
៤៖ អាជ្ញាធរសិង្ហបុរីបានអះអាងថា ការបុកគ្នារវាងនាវាពិឃាតអាមេរិក USS John S McCain និងនាវាដឹកប្រេងមួយគ្រឿង នៅក្នុងដែនទឹកសិង្ហបុរីកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ គឺបណ្ដាលមកពីនាវាចម្បាំងនេះ បត់ចូលកំពង់ផែលឿនពេក ចូលគន្លងផ្លូវនាវាដឹកប្រេង៕
៥៖ អតីតសមាជិកសភា និងជាអតីតិបេក្ខជនប្រធានាធិបតីអាមេរិក លោក រ៉ន ផូល (Ron Paul) បាននិយាយថា វាដល់ពេល និងគ្រប់គ្រាន់ហើយ ដែលកងទ័ពអាមេរិក ត្រូវដកចេញពីប្រទេសអ៊ីរ៉ាក់៕
៦៖ បេសកជនពិសេស កូរ៉េខាងត្បូងពីររូប ដែលទើបតែបានបញ្ចប់ការបំពេញដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ នៅកូរ៉េខាងជើង កាលពីដើមសប្ដាហ៍នេះ បានជិះយន្ដហោះធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហើយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រាប់ពីលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ពួកគេ នៅទីក្រុងព្យុងយ៉ាង៕