(បាងកក)៖ ប្រទេសថៃ​នឹងចាប់ផ្តើម ​ដាក់ឲ្យប្រើប្រាស់ក្រដាសប្រាក់ថ្មី ដែលមានព្រះ​ឆាយាល័ក្ខណ៍ របស់ព្រះរាជា​អង្គថ្មី គឺព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ឬស្តេចរាមាទី ១០ នៃព្រះរាជាណាចក្រថៃ នៅពីខាងមុខ​សន្លឹកលុយបាត ចាប់ពីខែ​ក្រោយតទៅ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ​ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។

ទេសាភិបាល​នៃធនាគារ​ជាតិថៃ លោក Veerathai Santiprabhob បានប្រកាសឲ្យ​ដឹងនាថ្ងៃព្រហស្បតិ៍នេះ​ថា ប្រភេទក្រដាសប្រាក់ Series 17 ដែលនឹងត្រូវ​ចេញឲ្យប្រើប្រាស់​ ក្រោមរាជានុញ្ញាតរបស់​ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ផ្ទាល់ បង្ហាញឲ្យឃើញ​ពីព្រះឆាយាល័ក្ខណ៍​ ​នៃ​ព្រះរាជាអង្គថ្មីនេះ​នៅពីខាងមុខ និងព្រះឆាយាល័ក្ខណ៍​នៃអតីតព្រះមហាក្សត្រ​អង្គដទៃទៀត នៅពីខាង​ក្រោយ។

ក្រដាសប្រាក់ថ្មី​ទាំងនោះ រួមមានក្រដាស ២០បាត, ៥០បាត, និង ១០០បាត ដែលនឹងត្រូវចេញ​ឲ្យធ្វើចរាចរណ៍​លើទីផ្សារ នៅថ្ងៃទី០៦ ខែ​មេសាខាងមុខ ដោយវាគឺជាគម្រប់ខួប​ នៃការប្រសូត្រ​រជ្ជកាលចក្រី ដែលជារជ្ជកាល​គ្រប់គ្រងសព្វថ្ងៃ​របស់ប្រទេសថៃ ខណៈក្រដាស​​​ប្រាក់​ ៥០០​បាត និង ១,០០០បាតថ្មី នឹងត្រូវចេញឲ្យ​ប្រើប្រាស់នៅ​ថ្ងៃទី២៨ ខែកក្កដា ដែលជាថ្ងៃចម្រើន​ព្រះជន្មាយុរបស់​ព្រះបាទ វិច្ឆិរ៉ាឡុងកន។

គួរជម្រាបថា បើតាមលោក Veerathai រាល់ក្រដាសប្រាក់​បាតថៃទាំងអស់ នឹងនៅបន្តមាន​សុពលភាព និងអាចដោះដូរ​បាន​ដូច​ធម្មតា​​ដដែលទេ៕