(ប៉េកាំង)៖ ប្រមុខការទូតនៃប្រទេសចិន លោក វ៉ាង យីង (Wang Yi) បានទម្លាក់កំហុសទៅលើកត្តាពីខាងក្រៅ ដែលទំនងជាចង់សំដៅទៅលើសហរដ្ឋអាមេរិកថា កំពុងបង្អួតសាច់ដុំ នៅដែនសមុទ្រចិនខាងត្បូង ក្រោមចេតនាអាក្រក់ ដើម្បីបង្កអស្ថិរភាពសាជាថ្មី នៅក្នុងតំបន់ បន្ទាប់ពីបានមើលឃើញថា ភាពតានតឹងដែលធ្លាប់តែក្តៅគគុក បានចាប់ផ្តើមថមថយទៅវិញហើយនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Spuntik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។
លោក វ៉ាង បានលើកឡើងថា «បញ្ហាចម្បងគឺថាក្រុមពីខាងក្រៅមួយចំនួន មិនសប្បាយចិត្តនោះឡើយ ចំពោះការដែលស្ថានការណ៍ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ទទួលបានភាពប្រសើរឡើង។ ពួកគេកំពុងបង្កហេតុ ដោយព្យាយាមបង្កើតភាពវឹកវរ តាមរយៈការបញ្ជូនយន្តហោះ និងនាវាប្រដាប់ដោយសព្វាវុធជាច្រើនប្រភេទ មកកាន់តំបន់នេះ ក្នុងន័យជាការកំញើញឥទ្ធិពលជាដើម»។
ការលើកឡើងខាងលើរបស់រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ត្រូវបានធ្វើឡើងក្នុងឱកាស នៃការធ្វើសន្និសីទសារព័ត៌មានប្រចាំឆ្នាំមួយ នៅរដ្ឋធានីប៉េកាំង ដោយលោក វ៉ាង បានសំដៅទៅលើការដាក់ពង្រាយកម្លាំងយោធា គឺជាបញ្ហាប្រឈមដ៏ធំបំផុត សម្រាប់ស្ថិរភាពនៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលជាតំបន់ផ្លូវទឹកសេដ្ឋកិច្ច និងយុទ្ធសាស្រ្តយ៉ាងសំខាន់មួយ ដែលកំពុងមានវិវាទដ៏ចម្រូងចម្រាស ជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់។
គួរជម្រាបថា សហរដ្ឋអាមេរិក បាននិងកំពុងបន្តធ្វើឲ្យស្ថានការណ៍នៅតែមានភាពតានតឹង តាមរយៈការល្បាត ក៏ដូចជាការធ្វើសមយុទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនជាដើម នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ទង្វើរបស់ខ្លួន គឺដើម្បីតែធានាឲ្យបាននូវសេរីភាព នៃការធ្វើនាវាចរប៉ុណ្ណោះ ខណៈដែលទីក្រុងប៉េកាំង បានចាត់ទុកទង្វើនេះថា គឺជាការបំពានលើអធិបតេយ្យភាពរបស់ខ្លួន៕