(សិង្ហបុរី)៖ អាជ្ញាធរសិង្ហបុរីបានអះអាងថា ការបុកគ្នារវាងនាវាពិឃាតអាមេរិក USS John S McCain និងនាវាដឹកប្រេងមួយគ្រឿង នៅក្នុងដែនទឹកសិង្ហបុរីកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ គឺបណ្ដាលមកពីនាវាចម្បាំងនេះ បត់ចូលកំពង់ផែលឿនពេក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។
ផ្អែកលើការសន្និដា្ឋនរបស់ខ្លួន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ការិយាល័យស៊ើបអង្កេតសុវត្ថិភាព នៃក្រសួងដឹកជញ្ជូនសិង្ហបុរី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្រោះថ្នាក់បុកគ្នារវាងនាវាពិឃាតអាមេរិក USS John S McCain និងនាវាដឹកប្រេង Alnic MC (AM) បានកើតឡើងនៅចំពេលនាវាទាំងពីរ ឆ្លងកាត់ច្រកសមុទ្រសិង្ហបុរី ប៉ុន្តែព្រមពេលជាមួយគ្នានាវាចម្បាំង អាមេរិកស្រាប់តែបត់ឆ្វេងចូលកំពង់ផែភ្លាមៗ ចូលទៅផ្លូវធ្វើដំណើររបស់នាវា AM ជាហេតុធ្វើឱ្យនាវាទាំងពីរបុកគ្នាតែម្ដង»។
គួររំលឹកថា សមាជិកនាវាវិកអាមេរិក ១០នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់បុកគ្នារវាងនាវាពិឃាតអាមេរិក USS John S McCain និងនាវាដឹកប្រេង Alnic MC (AM) នៅភាគខាងកើតនៃដែនទឹកសិង្ហបុរី នៅម៉ោងប្រមាណជា ៥៖៣០នាទីព្រឹក (ម៉ោងនៅសិង្ហបុរី) កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧៕