(ប៉ារីស)៖ អ្នកជំនាញ​នយោបាយមួយរូបនៅ​ប្រទេសបារាំង បានឲ្យ​ដឹងថា វិសោធនកម្ម​ដែលត្រូវបាន​ដាក់ទៅក្នុង សេចក្តីព្រាងសេដ្ឋកិច្ច​ផែនការយោធា​បារាំង សម្រាប់​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២៥នោះ និងបញ្ជូនទៅកាន់សភានោះ បានបញ្ជាក់​ជាថ្មីម្តង​ទៀត អំពីបំណងចង់ឲ្យ​ប្រទេស​សេដ្ឋកិច្ចទី ៥ នៅលើពិភពលោក​មួយនេះ ដកខ្លួនចេញពី​អង្គការ NATO និងឈប់បម្រើ​សហរដ្ឋអាមេរិក​ទៀត។ នេះបើតាម​កិច្ចសម្ភាសន៍​មួយ ដែលត្រូវបាន​ចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នារសៀល​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីព្រាង​​ទៅកាន់សភាជាតិ​បារាំងនោះ បានបញ្ជាក់​​ច្បាស់ៗថា «ការលូកដៃ​​របស់​អង្គការ NATO ចូលទៅក្នុង​ជម្លោះ​នៅ​អាហ្វហ្គានីស្ថាន លីប៊ី និងបណ្តាប្រទេស​​មួយចំនួន​ទៀត បានបន្សល់​ទុកនូវសោកនាដកម្ម អំពើភេរវកម្ម ជនភៀសខ្លួន​រាប់លាននាក់ ហើយប្រទេស និងទីក្រុងទាំងនោះ ត្រូវបាន​កម្ទេចឲ្យខ្ទេចខ្ទីស្ទើរ​ក្លាយជា​ផេះផង់»

នៅក្នុងកិច្ចសម្ភាសន៍​ជាមួយបណ្តាញ​ព័ត៌មាន Sputnik អ្នកនាំពាក្យខាងផ្នែកការពារជាតិ និងកិច្ចការអន្តរជាតិ នៃគណបក្សនយោបាយ​មួយរបស់បារាំង លោក Djordje Kuzmanovic បានលើកឡើងថា «កំណែទម្រង់នេះ គឺជាផ្នែកមួយ​ដែលមាននៅក្នុងកម្មវិធី នៃយុទ្ធការបោះឆ្នោត​របស់បក្ស ដើម្បីបញ្ចប់សមាជិកភាពរបស់បារាំង នៅក្នុងអង្គការ NATO។ វានឹងរារាំងតួនាទី​របស់បារាំង នៅក្នុងការសម្រេចចិត្តជាយុទ្ធសាស្ត្រ នៅក្នុងការលូកដៃចូល​ព្រឹត្តិការណ៍ធំៗ​លើសកលលោក»

លោក Kuzmanovic បានសង្កត់​ធ្ងន់ថា «វាដល់ពេលហើយ ដែល​យើងត្រូវឈប់ធ្វើជាអ្នកបម្រើ​សហរដ្ឋអាមេរិក​ទៀត...»