(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះ ទៅកាន់ប្រទេសជប៉ុន ដោយបង្ហាញពីចេតនារបស់ចិន ដែលចង់ឲ្យរដ្ឋាភិបាលជប៉ុន ទុកខ្លួនជាដៃគូ ជាជាងទុកជាការគំរាមកំហែងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។
ការថ្លែងរបស់លោក វ៉ាង ខាងលើនេះ ត្រូវបានធ្វើឡើងនៅឯសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីប៉េកាំង ស្តីពីលទ្ធផលសម័យប្រជុំលើកទីមួយ នៃសភាប្រជាជនចិននីតិកាលទី ១៣។ នាឱកាសនោះដែរ រដ្ឋាភិបាលចិនបានបង្ហាញឆន្ទៈ ក្នុងការធ្វើការងាររួមគ្នាជាមួយជប៉ុន ក្នុងការស្តារទំនាក់ទំនងឲ្យបានប្រសើរឡើងវិញ និងអភិវឌ្ឍន៍ទៅមុខដោយឋិតឋេរ ដរាបណាជប៉ុនមិនរារែក ហើយព្រមទទួលស្គាល់ការអភិវឌ្ឍរបស់ចិន។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨នេះ គឺជាពេលវេលាដ៏សំខាន់ នៃប្រារព្ធខួប ៤០ឆ្នាំ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពរវាងជប៉ុន-ចិន៕