(សេអ៊ូល)៖ បេសកជនពិសេសកូរ៉េខាងត្បូងពីររូប ដែលទើបតែបានបញ្ចប់ការបំពេញដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ នៅកូរ៉េខាងជើង កាលពីដើមសប្ដាហ៍នេះ បានជិះយន្ដហោះធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហើយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រាប់ពីលទ្ធផល នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ពួកគេ នៅទីក្រុងព្យុងយ៉ាង។ នេះបើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។
យោងតាមប្រភពពីវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) ជាទីប្រឹក្សាសន្តិសុខជាតិ និងលោក ស៊ូ ហ៊ូន (Suh Hoon) ជានាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់កូរ៉េខាងត្បូង បានចាកចេញពីទីក្រុង អ៊ីនជឿន (Incheon) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីបំពេញ ដំណើររទស្សនកិច្ចនៅសហរដ្ឋអាមេរិក រហូតដល់ថ្ងៃសៅរ៍។
បន្ថែមពីលើនេះ នៅអំឡុងពេលស្នាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោន មន្ត្រីកំពូលទាំងពីរនាក់ នឹងត្រូវជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក ទាក់ទិននឹងបញ្ហាសន្តិសុខ និងការស៊ើបការណ៍សំងាត់ ព្រមទាំងលទ្ធផលនៃជំនួបរវាងនាក់ទំាងពីរ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទ។
គួរបញ្ជាក់ថា បើតាមលោក Chung Eui-yong កូរ៉េខាងជើងមានបំណងចង់ជួបចរចា ជាមួយសហរដ្ឋអាមេរិក ស្ដីពីការលុប បំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ហើយមិនតែប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាងក៏បានសន្យាដែរថា ខ្លួននឹងបញ្ឈប់ការធ្វើ តេស្ដសាកល្បងអាវុធនុយក្លេអ៊ែរ និងគ្រប់មីស៊ីល បើសិនជាសន្តិសុខរបស់ខ្លួនត្រូវបានធានា៕