(ហ្សាកាតា)៖ គ្រោះរញ្ជួយដីមួយមានកម្រិត ៥.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់កោះភាគខាងកើត នៃប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារឧតុនិយម និងផែនដីឥណ្ឌូណេស៊ី ហេតុការណ៍ខាងលើ បានកើតឡើងនាវេលាម៉ោង ១០៖៥១នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅឥណ្ឌូណេស៊ី) ដោយចំណុចរំញ័រកណ្តាលរបស់វា ស្ថិតនៅចម្ងាយ ៣៥គីឡូម៉ែត្រ ភាគឦសានខេត្ត Maluku ជាមួយជម្រៅ ១០គីឡូម៉ែត្រ ក្រោមបាតសមុទ្រ។
គួរជម្រាបថា ឥណ្ឌូណេស៊ី ជាប្រទេសមួយងាយនឹងគ្រោះរញ្ជួយដី ដោយសារតែប្រជាជាតិនេះ ស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង នៃមហាសាគរប៉ាស៊ីហ្វិក ដែលគេហៅថា The Pacific Ring of Fire។ យ៉ាងណាមិញ គេពុំឃើញមានសេចក្តីរាយការណ៍ស្តីពីការបំផ្លិចបំផ្លាញ ឬមនុស្សរងគ្រោះ ដោយសារគ្រោះរញ្ជួយផែនដីខាងលើនេះឡើយ៕