(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយជាសាធារណៈថា ចិនកំពុងដើរលើផ្លូវធ្វើទំនើបកម្ម ហើយប្រទេសចិនមិនចង់ និងគ្មានបំណងចង់ជំនួសតួនាទីលើឆាកអន្តរជាតិ របស់សហរដ្ឋអាមេរិកនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង ស្ដីពីលទ្ធផលនៃសម័យប្រជុំសភាប្រជាជនចិន។ លោក វ៉ា បានលើក ឡើងយ៉ាងដូច្នេះថា «ជនជាតិអាមេរិកខ្លះ បានចោទប្រកាន់ចិនថា នឹងជំនួសតួនាទីរបស់សហរដ្ឋអាមេរិក នៅលើឆាកអន្តរជាតិ ប៉ុន្តែការលើកឡើងបែបនេះ គឺជារឿងមិនត្រូវ»។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះ ក៏បានបន្ថែមទៀតដែរថា បើទោះជាមានការប្រកួតប្រជែងគ្នា មួយចំនួនក៏ដោយ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននៅតែស្ថិតនៅក្នុងភាពជាដៃគូ និងមិនមែនជាគូប្រជែងនោះឡើយ។ កិច្ចអត្ថាធិប្បាយខាងលើត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅឯសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីប៉េកាំង ស្តីពីលទ្ធផលសម័យប្រជុំលើកទីមួយ នៃសភាប្រជាជនចិននីតិកាលទី ១៣៕