(ម៉ូស្គូ)៖ អតីតសមាជិកសភា និងជាអតីតិបេក្ខជនប្រធានាធិបតីអាមេរិក លោក រ៉ន ផូល (Ron Paul) បាននិយាយថា វាដល់ពេល និងគ្រប់គ្រាន់ហើយ ដែលកងទ័ពអាមេរិក ត្រូវដកចេញពីប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។
លោក Ron Paul ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ Russian Today កាលពីថ្ងៃពុធ។ ថ្លែនាឱកាសនោះដែរ អតីតសមាជិកសភាអាមេរិកវ័យ ៨២ឆ្នាំរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំចង់ឱ្យប្រជាជនអាមេរិកក្រោកឡើង ហើយនិយាយថា វាគ្រប់គ្រាន់ហើយ... ចំណែកឯប្រជាជនអ៊ីរ៉ាក់ ក៏បាននិយាយចេញមកក្រៅដែរ តាមរយៈសភាដែលតំណាង នៃមតិរបស់ពួកគេ ក៏ដូចជាបង្ហាញពីបំណងចង់ឱ្យយើងចាកចេញ ហើយខ្ញុំគិតថា នេះគឺជាគំនិតដ៏អស្ចារ្យ»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Ron Paul ក្រោយប្រធានអង្គការណាតូ លោក ចេនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) បានប្រកាសថា កងទ័ពសម្ព័ន្ធមិត្តនឹងបន្តស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ បើទោះជាសភាអ៊ីរ៉ាក់ បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ដក កងទ័ពរបស់ខ្លួនចេញក៏ដោយ។ លោក Stoltenberg ថែមទាំងអះអាងដែរថា ណាតូ នឹងដកកងទ័ពចេញ នៅពេលអ៊ីរ៉ាក់អះអាងដោយខ្លួនឯងថា មិនចាំបាច់ត្រូវការកងកម្លាំងបរទេសទៀត៕