(ប៉េកាំង)៖ ប្រទេសចិនសូមស្នើយ៉ាងទទូច ទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ឲ្យធ្វើការទាក់ទងគ្នា ហើយបើកកិច្ចសន្ទនា និងចរចារវាងគ្នាឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។
ការលើកឡើងខាងលើត្រូវបានធ្វើឡើង ដោយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅឯសន្និសីទសារព័ត៌មានមួយ ក្នុងរដ្ឋធានីប៉េកាំង ស្តីពីលទ្ធផលសម័យប្រជុំលើកទីមួយ នៃសភាប្រជាជនចិននីតិកាលទី ១៣។ នាឱកាសនោះ លោក វ៉ាង បានធ្វើការកត់សម្គាល់ដល់បណ្តាក្រុមអ្នកសារព័ត៌មាន ទាំងនៅក្នុងស្រុក និងមកពីក្រៅប្រទេស ជុំវិញគោលនយោបាយការបរទេសរបស់ប្រទេសចិន ព្រមទាំងឆ្លើយសំណួរទាក់ទិននឹងបញ្ហាការទូតជាច្រើនថែមទៀត។
គួរជម្រាបថា ក្រៅពីនេះលោករដ្ឋមន្រ្តីការបរទេសចិន ក៏ថែមទាំងបានគូសបញ្ជាក់ពី ព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន ០៤ ដែលនឹងត្រូវរៀបចំឡើងដោយប្រទេសចិនផងដែរ ក្នុងនោះរួមមានវេទិកា Boao សម្រាប់អាស៊ី, កិច្ចប្រជុំកំពូល Shanghai Cooperation Organization Qingdao, វេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក, និងព្រឹត្តិការណ៍ស្ដីពីការនាំចេញ-នាំចូលអន្តរជាតិរបស់ចិន៕