(ព្រុចសែល)៖ គណៈកម្មការនៃសហភាពអឺរ៉ុប នៅទីបំផុតបានប្រកាសគាំទ្រជាចំហ ចំពោះសំណើដែលមានគោលដៅ វាយបកនឹងគម្រោងដំឡើងថ្លៃពន្ធរបស់សហរដ្ឋអាមេរិក ទៅលើផលិតដែកថែប និងអាលុយមីញ៉ូម ដោយថា EU ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបដោយស្របទៅតាមច្បាប់របស់ អង្គការពាណិជ្ជកម្មពិភពលោក WTO នៅពេលដែលចំណាត់ការរបស់អាមេរិក បង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់សហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រូម (Cecilia Malmstrom) ស្នងការទទួលបន្ទុកផ្នែកពាណិជ្ជកម្មបាននិយាយថា ចេតនានៅពីក្រោយវិធានការរបស់អាមេរិក តាមពិតទៅគឺជាវិធានការគាំពារសេដ្ឋកិច្ច ជាជាងវិធានការការពារសន្តិសុខជាតិ ហេតុនេះហើយវាមានន័យថា EU ត្រូវតែប្រើប្រាស់កិច្ចព្រមព្រៀងរបស់ WTO ដើម្បីស្តារឡើងវិញនូវតុល្យភាព នៃអត្ថប្រយោជន៍ទាំងឡាយ ដែលសហភាពអឺរ៉ុបបានផ្តល់ឲ្យសហរដ្ឋអាមេរិក នាពេលកន្លងមកនេះ។ រឿងនេះនឹងត្រូវសម្រេចបាន តាមរយៈការចាត់វិធានការ ដែលស្មើទៅនឹងការខាតបង់សេដ្ឋកិច្ចដែល EU ទទួលរង ដោយសារតែទង្វើរបស់សហរដ្ឋអាមេរិក។
បើតាមសេចក្តីរាយការណ៍ព័ត៌មាន EU ត្រៀមរួចជាស្រេច ដើម្បីប្រើប្រាស់វិធានការសងសឹក នឹងការនាំចេញរបស់អាមេរិក ដែលគិតជាតម្លៃសរុប ៣.៤៨ពាន់លានដុល្លារ រួមមានខោខូវប៊យម៉ាក Levi's, ម៉ូតូធំម៉ាក Harley-Davidson, និងស្រាវីស្គី Bourbon ជាដើម។ លោកស្រី Malmstrom ក៏បានបញ្ជាក់ផងដែរថា EU បានរៀបចំបញ្ជីផលិតផលមួយចំនួន សម្រាប់ការដំឡើងពន្ធតបតឲ្យសាកសម ប្រសិនជាចាំបាច់។
គួរជម្រាបថា កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកគ្រោងនឹងដំឡើងពន្ធ ២៥ភាគរយ ទៅលើការនាំចូលដែក និង ១០ភាគរយ ទៅលើការនាំចូលអាលុយមីញ៉ូម។ បន្ទាប់មកទៀត លោក ត្រាំ បាន បង្ហោះសារតាម Twitter ថា នៅពេលដែលអាមេរិក កំពុងខាតបង់លុយរាប់ពាន់លានដុល្លារ ក្នុងការធ្វើពាណិជ្ជកម្មស្ទើរតែជាមួយរាល់ប្រទេស ដែលខ្លួនធ្វើជំនួញជាមួយនោះ សង្រ្គាមពាណិជ្ជកម្ម គឺជារឿងដ៏ល្អមួយ ហើយងាយនឹងទទួលជ័យជម្នះបំផុត៕