(គូឡាឡាំពួរ)៖ ថ្ងៃព្រហស្បតិ៍នេះ គឺជាថ្ងៃរំលឹក​ខួប ០៤ឆ្នាំ នៃការបាត់ខ្លួន​ដោយអាថ៌កំបាំង​របស់យន្ដហោះ Boeing 777 ជើងហោះ​ហើរ MH370 របស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ីអ៊ែរឡាញ នៅឯភាគខាងត្បូង​មហាសមុទ្រ​ឥណ្ឌា។ នេះបើតាមការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។

ជើងហោះហើរ MH370 បានបាត់ខ្លួនដោយអាថ៌កំបាំង ហើយវាបានក្លាយ​ជាសោកនាដកម្ម​ដ៏ធំមួយ នៅក្នុងវិស័យ​អាកាស​ចរណ៍​ស៊ីវិល ហើយមក​ទល់ពេលនេះ​ ក៏ពុំទាន់មាន​ការបញ្ជាក់ពីមូលហេតុ​បាត់ខ្លួននេះ​ដែរ បើទោះជាបំណែក​យន្ដហោះជា​ច្រើន ត្រូវបានគេប្រទះ​ឃើញ​ក៏ដោយ។

យ៉ាងណាក៏ដោយក្រុមអាជ្ញាធរ​ម៉ាឡេស៊ី មិនបានបោះបង់ចោលក្ដី​សង្ឃឹមឡើយ ជាក់ស្ដែង​កាលពី​ថ្ងៃទី១១ ខែមករា រដ្ឋមន្ត្រីដឹកជញ្ជូន​ម៉ាឡេស៊ី លោក លីវ តុងឡៃ (Liow Tiong Lai) បានប្រកាសថា ទីក្រុង​គូឡាឡាំពួរ​បានឈាន​ដល់កិច្ចព្រមព្រៀង​ ជាមួយក្រុមហ៊ុន​អាមេរិក​ផ្នែករុករក ដើម្បីបន្តប្រតិបត្តិការ​ស្វែងរកយន្ដហោះ​ដែលបាត់​ខ្លួននេះ។

គួររំលឹកថា កាលពី​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជើង​ហោះហើរ MH370 ដឹកអ្នកដំណើរ និងក្រុម​សហសេវិក ២៣៩នាក់ ភាគច្រើនជាជនជាតិចិន​ បានបាត់ចេញ​ពីប្រព័ន្ធរ៉ាដា ក្រោយហោះចេញ​ពី​ទីក្រុង​គូឡាឡាំពួរ ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង៕