(ឡូសអាន់ជែឡែស)៖ តារាភាពយន្តអាសអាភាសវ័យក្មេង ប្រចាំសហរដ្ឋអាមេរិក គឺនាង ស្តរមី ដានីញែល (Stormy Daniels) បានដាក់ពាក្យបណ្តឹងរួចហើយទៅកាន់តុលាការ ដោយប្តឹងសុំទុកជាមោឃៈនូវលិខិត ដែលនាងចុះហត្ថលេខាជាមួយ លោក ដូណាល់ ត្រាំ កាលពីមុនថ្ងៃបោះឆ្នោតឆ្នាំ២០១៦ ដោយកាលណោះ នាងត្រូវព្រមមិនទម្លាយរឿងដែលនាងធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងប្រធានាធិបតីរូបនេះ ជាដាច់ខាតតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
ពាក្យបណ្តឹងដែលត្រូវបានដាក់ ជូនទៅតុលាការសង្កាត់មួយ នៃទីក្រុងឡូសអាន់ជែឡែសនេះ តារាសិចខាងលើដែលឈ្មោះដើមថា ស្ទេហ្វិនី គ្លីហ្វហ្វដ គឺនាងបានសុំឲ្យតុលាការទុកកិច្ចព្រមព្រៀង ដែលនាងបានចុះហត្ថលេខាជាមួយលោក ដូណាល់ ត្រាំ កាលណោះគឺជា «មោឃៈ និងគ្មានប្រសិទ្ធភាព» ដើម្បីបើកកកាយរឿងថា នាងពិតជាមានទំនាក់ទំនងជិតស្និទ្ធជាមួយ លោក ត្រាំ កាលពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០០៧ ពិតមែន។
គួរបញ្ជាក់ថា ចេតនារបស់តារាភាពយន្តក្តៅសាច់ខាងលើនេះ គឺនាងចង់បង្ហាញឲ្យសាធារណជនដឹងច្បាស់ អំពីទំនាក់ទំនងយ៉ាងលម្អិត កាលពីអតីតកាលរវាងនាង និង លោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតឆ្នាំ២០១៦។ នាងបានបញ្ជាក់ថា ជំនួយការតំណាងផ្ទាល់ នៃលោក ត្រាំ កាលណោះគឺលោក ម៉ៃឃើល ខូហែន (Michael Cohen) បានមកចុះហត្ថលេខាជាមួយនាង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ មុន ១០ថ្ងៃ ការបោះឆ្នោតប្រធានាធិបតីមកដល់៕