(ព្យុងយ៉ាង)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rondong Sinmun នាថ្ងៃពុធនេះ បានចេញផ្សាយថា ការដែលប្រទេសរបស់ខ្លួន មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ គឺគ្រាន់តែជាជម្រើសសម្រាប់ជ្រើសរើសមួយប៉ុណ្ណោះ ដើម្បីការពារប្រជាជាតិខ្លួន ពីការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងអត្ថបទព័ត៌មានមួយរបស់ខ្លួន Rondong Sinmun បានចោទសហរដ្ឋអាមេរិកថា បានបង្កការគំរាមកំហែង នៃអាវុធនុយក្លេអ៊ែរមកលើប្រទេសកូរ៉េខាងជើង អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រហូតយកវាធ្វើជាគោលនយោបាយមួយ ដើម្បីបើកការវាយប្រហារដោយនុយក្លេអ៊ែរ មកលើប្រជាជាតិអាស៊ីខាងកើតមួយនេះ។
Rondong Sinmun បានបញ្ជាក់ថា កូរ៉េខាងជើងពុំមានជម្រើសអ្វីផ្សេងឡើយ ដើម្បីការពាររបប និងជោគវាសនានៃប្រជាជាតិមួយនេះ នៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតលើលោក គឺអាមេរិក។
គួរជម្រាបថា ការបកស្រាយខាងលើពីកូរ៉េខាងជើង ត្រូវបានធ្វើឡើងក្រោយពីរដ្ឋាភិបាលទីក្រុងសេអ៊ូល បានអះអាងថា ទីក្រុងព្យុងយ៉ាង នឹងមិនប្រើប្រាស់អាវុធក្លេអ៊ែរ ឬអាវុធធម្មតា ប្រឆាំងកូរ៉េខាងត្បូងឡើយ ហើយប្រសិនបើសុវត្ថិភាពរបស់កូរ៉េខាងជើង ត្រូវបានធានាទាំងស្រុងនោះ របបដឹកនាំទីក្រុងព្យុងយ៉ាង នឹងសម្រេចផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលការបញ្ជាក់ពីរដ្ឋាភិបាលទីក្រុងសេអ៊ូល ត្រូវបានធ្វើឡើង បន្ទាប់ពីបេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានត្រឡប់ពីរដ្ឋធានីព្យុងយ៉ាងវិញ ក្រោយពីបានជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន៕