(អាមេរិក)៖ នាពេលនេះឱកាស សម្រាប់អ្នកដែលមានបំណងចង់ផ្ញើឈ្មោះរបស់ខ្លួន ទៅកាន់ទីអវកាស បានមកដល់ទៀតហើយ ដោយលើកនេះអ្នកទាំងអស់គ្នា អាចចារនាមចូលទៅក្នុងបន្ទះឈីប ដែលនឹងត្រូវបញ្ជូនតាម យានអវកាសរបស់អង្គការ NASA ទៅកាន់ព្រះអាទិត្យនារដូវក្តៅឆ្នាំនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
Parker Solar Probe ដែលជាយានដំបូងបំផុត នឹងធ្វើដំណើរត្រង់ផ្ទាល់ទៅកាន់ព្រះអាទិត្យ របស់ទីភ្នាក់ងារអវកាស NASA នឹងចាប់ផ្តើមបេសកកម្មនាអំឡុងពាក់កណ្តាលឆ្នាំនេះ ដើម្បីធ្វើដំណើរគោចរឆ្លងកាត់តំបន់ដ៏សែនក្តៅនៃផ្កាយរបស់យើង ពោលគឺជាងរាប់លានអង្សាសេ ហើយយាននេះ នឹងនាំយកនូវឈ្មោះរបស់អ្នករាល់គ្នា ដែលចង់ចូលរួមក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យនេះ។ អ្នកអាចផ្ញើឈ្មោះរបស់អ្នក នៅលើបន្ទះឈីបខាងលើដោយឥតគិតថ្លៃ ដោយចូលទៅវែបសាយ http://parkersolarprobe.jhuapl.edu/The-Mission/Name-to-Sun/ រហូតដល់ថ្ងៃទី២៧ ខែមេសា។
គួរជម្រាបថា បេសកកម្ម Parker Solar Probe ដែលមានតម្លៃ ១.៥ពាន់លានដុល្លារ នឹងត្រូវបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លូរីដារបស់ NASA នៅថ្ងៃទី៣១ ខែកក្កដាខាងមុខ។ ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក យានអវកាសនោះ នឹងធ្វើការហោះឆ្វែល Flyby យ៉ាងកៀកចំនួន ២៤លើកជុំវិញព្រះអាទិត្យ សម្រាប់អំឡុងពេល ០៧ឆ្នាំបន្ទាប់ ក្នុងរយៈពេលចម្ងាយត្រឹម ៦.២លានគីឡូម៉ែត្រប៉ុណ្ណោះ ពីផ្ទៃនៃដុំបាល់ភ្លើងដ៏មហិមានេះ ដែលចម្ងាយនេះគឺកៀកជាងគ្រឿងយន្តអវកាសនានាដល់ទៅ ០៧ដង ដែលធ្លាប់បានមកដល់ក្បែរព្រះអាទិត្យ។
ហេតុដូច្នេះហើយ យានអវកាស Parker Solar Probe ត្រូវហ៊ុមព័ទ្ធដោយខែលពិសេសមានកម្រាស់ ១១.៤សង់ទីម៉ែត្រ ដែលនឹងការពារយាន ពីកម្រិតវិទ្យុសកម្មដែលខ្លាំងជាងអ្វីយើងធ្លាប់ទទួលរង នៅលើផែនដីដល់ទៅ ៤៧៥ដង និងសីតុណ្ហភាពដែលអាចកើនដល់ ១,៣៧០អង្សាសេបាន។ ម៉្យាងវិញទៀត ឧបករណ៍នានា នៅលើ Parker Solar Probe នឹងអាចធ្វើប្រតិបត្តិការតាមធម្មតាបាន នៅក្នុងលក្ខខណ្ឌដ៏លំបាកក្បែរព្រះអាទិត្យ៕
\