(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន គ្មានផែនការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង ជាថ្នូរនឹងការបើកកិច្ចប្រជុំកំពូល ជាមួយទីក្រុងព្យុងយ៉ាងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
លោក មូន ជែអ៊ីន ថ្លែងបែបនេះ នៅមុនពេលលោកត្រូវបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសភាជាតិកូរ៉េខាងត្បូង នៅឯការិយា ល័យប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ។ កាលពីថ្ងៃអង្គារ ទីក្រុងសេអ៊ូល បានអះអាងថា កូរ៉េខាងត្បូង និងកូរ៉េខាង ជើង បានព្រមព្រៀងគ្នាថា នឹងជួបប្រជុំគ្នាម្ដងទៀតនៅខែមេសាខាងមុខនេះ ហើយកិច្ចប្រជុំនេះនឹង ត្រូវធ្វើឡើងនៅឯភូមិ ផាន់ម៉ុនចុម (Panmunjeom) ស្ថិតនៅក្នុងតំបន់គ្មានយោធា នៃព្រំដែនអន្តរកូរ៉េ។ នេះបើតាមទីប្រឹក្សាសន្តិសុខជាតិ របស់លោក មូន ជែអ៊ីន គឺលោក Chung Eui-yong ថ្លែងឱ្យដឹងក្រោយបញ្ចប់ទស្សនកិច្ចជាប្រវត្តិសាស្ត្រ រយៈពេលពីរថ្ងៃនៅកូរ៉េខាងជើង។
គួរបញ្ជាក់ថា បើតាមលោក Chung Eui-yong កូរ៉េខាងជើងបានសន្យាថា ខ្លួននឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬក៏អាវុធ គីមីប្រឆាំងនឹងទីក្រុងសេអ៊ូលនោះទេ ហើយមិនតែប៉ុណ្ណោះរបបដឹកនាំកុម្មុយនិស្ដមួយនេះ ក៏បានបង្ហាញពីបំណងជួបចរចា ជាមួយសហរដ្ឋអាមេរិកផងដែរ ជុំវិញការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕