ព័ត៌មានរសើប! ក្រុមហ៊ុនយក្ស Google សហការដោយសម្ងាត់ជាមួយ ក្រសួងការពារជាតិអាមេរិក ក្នុងការបំពាក់ AI លើដ្រូនទុកស៊ើបការណ៍ និងកម្ទេចសត្រូវ!
07-03-2018 12:04
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Google ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការងារជាមួយក្រសួងការពារជាតិអាមេរិក ជុំវិញការផ្គត់ ផ្គង់បច្ចេកវិទ្យាស៊ើបការណ៍សំងាត់ (AI) ដែលអាចនឹងត្រូវយកទៅប្រើប្រាស់ ដើម្បីជួយសម្រួលដល់ការវាយប្រហារតាម ផ្លូវអាកាសលើក្រុមសកម្មយុទ្ធ នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នេះបើតាមគេហទំព័រ Intercept ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
យោងតាម Intercept ក្រុមហ៊ុន Google កំពុងធ្វើការងារជាមួយក្រសួងការពារជាតិអាមេរិក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាស៊ើបការណ៍ AI សម្រាប់បំពាក់លើយន្ដហោះដ្រូន ដែលវាអាចវិភាគ និងផ្ដិតយករូបភាព ហើយបញ្ជូនឱ្យយោធាអាមេរិក ដើម្បីវិភាគបន្ត មុននឹងដឹកនាំការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងក្រុម ISIS។
Intercept បានឱ្យដឹងទៀតថា គំរោងខាងលើរវាង Google និងក្រសួងការពារជាតិអាមេរិក មានឈ្មោះថា Project Maven ដែលត្រូវបានប្រកាសជាលើកដំបូង កាលពីមេសា ឆ្នាំ២០១៧ ដោយអនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក រ៉ូប៊ឺត វើក (Robert Work)។ បើតាមគំរោងនេះ សហរដ្ឋអាមេរិកមានផែនការបំពាក់បច្ចេកវិទ្យា AI នេះលើយន្ដហោះដ្រូនជាង ១,១០០គ្រឿង ខណៈក្រសួងការពារជាតិអាមេរិក បានចំណាយប្រាក់ជាង ៧.៤ពាន់លានដុល្លារទាក់ទិន នឹងបច្ចេកវិទ្យានេះ កាលពីឆ្នាំ២០១៧។
ប៉ុន្តែយ៉ាងណាក៏ដោយ គំរោងសាកល្បនេះមិនទាន់ត្រូវបានបង្ហាញជាសាធារណៈឡើយ ប៉ុន្តែក្រុមហ៊ុន Google បានបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិករបស់ខ្លួន តាមរយៈព័ត៌មានផ្ទៃក្នុងតែប៉ុណ្ណោះ។ លើសពីទៅទៀត ក្រុមហ៊ុនយក្សខាងបច្ចេក វិទ្យាអាមេរិកមួយនេះ ក៏បានអះអាងផងដែរទៅកាន់បុគ្គលិកខ្លួនថា គំរោង Project Maven មានមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ AI ក្នុងសង្រ្គាមនោះទេ៕