(ការ៉ាកាស)៖ បេក្ខជនល្បីៗចំនួន ០៥រូប ត្រូវបានប្រកាសជាផ្លូវការរួចទៅហើយថា នឹងឈរឆ្នោតដណ្តើមសន្លឹកឆ្នោត ដើម្បីចាប់យកតំណែងជាប្រធានាធិបតីថ្មី នៃប្រទេសវេណេស៊ុយអេឡា ខណៈការបោះឆ្នោតនឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
សម្រាប់បេក្ខជនទាំង ០៥រូបនេះ ក៏មានប្រធានាធិបតីជិតផុតអាណត្តិ លោក នីកូឡាស់ ម៉ាឌូរ៉ូ ផងដែរ។ ប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិវេណេស៊ុយអេឡា លោកស្រី សូកូរ៉ូ ណឺណាន់ដែស (Socorro Hernadez) បានបញ្ជាក់ថា «លោក ម៉ាឌូរ៉ូ ក៏បានចុះឈ្មោះចូលរួមការប្រកួតប្រជែង ដោយលោកឈរឈ្មោះតំណាងឲ្យគណបក្សសង្គមនិយមរួបរួម នៃវេណេស៊ុយអេឡា (USPV)»។
ដោយឡែកសម្រាប់បេក្ខជនប្រកបដោយសក្កានុពលផ្សេងទៀតនោះ គឺលោក ហែនរី ហ្វាល់ខុន អតីតអភិបាលរដ្ឋឡារ៉ា ដែលជាអ្នកដើរតាមគន្លងរបស់អតីតប្រធានាធិបតី លោក ហ៊ូហ្គោ ឆាវែស ប៉ុន្តែបែរជាប្រឆាំងទៅនឹងរដ្ឋាភិបាលរបស់ លោក ម៉ាឌូរ៉ូ ដែលជាអ្នកស្មោះស្ម័គ្រនឹងលោក ឆាវែស ដូចគ្នាទៅវិញ។
បន្ថែមពីនេះ គឺបេក្ខជនបីរូបទៀតមានដូចជា លោក រ៉េណាល់ដូ ឃ្វីហ្សាដា (Reinaldo Quijada) ជាអ្នកប្រឆាំងនយោបាយ លោក ម៉ាឌូរ៉ូ, លោក ហ្សាវីយើ ប៊ឺទុកស៊ី (Javier Bertucci) អាយុ ៤៨ឆ្នាំ ជាអ្នកមានប្រជាប្រិយភាពខ្លាំងផងដែរ ក្នុងសង្គម និងមួយរូបចុងក្រោយ គឺលោក ល្វីស អាឡេហ្សាន់ដ្រូ រ៉ាត់ទី (Luis Alejandro Ratti) ជាអ្នកនយោបាយជំនាញ។ បុគ្គលទាំង ០៥រូបនេះ ត្រូវបាន CNE បញ្ជាក់ថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចឈរឈ្មោះ ដណ្តើមតំណែងប្រធានាធិបតីបាន៕