(អ៊ីស្រាអែល)៖ នាវាដឹក​យន្តហោះ USS Iwo Jima របស់​សហរដ្ឋអាមេរិក នឹងមកដល់ក្បែរឆ្នេរ​ នៃប្រទេស​អ៊ីស្រាអែល​នាពេលឆាប់​ៗ​​នេះ ដើម្បីចូលរួម​សមយុទ្ធយោធា​រួម​រវាងអ៊ីស្រាអែល និងអាមេរិក។ នេះបើតាម​ការបញ្ជាក់ឲ្យដឹង ពីកងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល (IDF) ដកស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។

នាវាដឹក​យន្តហោះ អ៊ីវ៉ូ ជីម៉ា (Iwo Jima) មានផ្ទុកកងម៉ារីន​អាមេរិកចំនួន​ ១,៤០០នាក់ រួមជាមួយយន្តហោះ​យោធា ២៥គ្រឿង និងយានដឹកជញ្ជូន​​លើសមុទ្រ​ចំនួន ០៣គ្រឿង។ នាវាចម្បាំងនេះ​មានមូលដ្ឋាន​ នៅឯស្ថានីយកងនាវា មេយផត (Mayport) ក្នុង​ក្រុង ចេគសុនវីឡេ (Jacksonville) នៃរដ្ឋផ្លូវរីដា របស់​​សហរដ្ឋ​អាមេរិក ហើយសព្វថ្ងៃ​កំពុងធ្វើប្រតិបត្តិការ​ នៅក្នុងកងអង្គភាព​ទី ៦ (Sixth Fleet) នៃកងទ័ពជើង​ទឹក​សហរដ្ឋអាមេរិក។

សមយុទ្ធយោធា​ខាងលើ ដែលមាន​ឈ្មោះថា Juniper Cobra 2018 ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០៤ ខែមីនា ដោយ​មានការចូលរួម​ពីកម្លាំងយោធា​សរុបជិត ៥,០០០នាក់ ពីសម្ព័ន្ធមិត្តទាំងពីរនោះ គឺផ្តោតសំខាន់​ទៅលើការបង្កើន​សមត្ថភាព​ការ​ពារខ្លួន​ ពីការវាយប្រហារ​​ដោយ​គ្រាប់​មីស៊ីល​ផ្លោង។

គួរជម្រាបថា នាវា Iwo Jima ដែលត្រូវបាន​គេឲ្យឈ្មោះតាមកោះ​របស់ប្រទេសជប៉ុន ដែលអាមេរិកដណ្តើម​យកបាន កាលពីសម័យ​សង្រ្គាម​លោកលើកទីពីរ​នោះ មានសមត្ថភាព​ដាក់ពង្រាយ ​យន្តហោះចម្រុះ​ជាច្រើនប្រភេទ ព្រមទាំង​គ្រឿងយន្ត ដែលធ្វើប្រតិបត្តិ​ការ​​លើដីគោក រួមជាមួយយាន​ដឹកជញ្ជូនឆ្លង​កាត់សមុទ្រ ខណៈដែលវារក្សា​ចម្ងាយនៅទីសុវត្ថិភាព​ពីដីគោក។

បន្ថែមពីនាវាចម្បាំងនេះ ក៏មានឧបករណ៍ និងប្រព័ន្ធផ្សេងៗ ដែលអាចឲ្យ​យន្តហោះចុះចត​នៅលើតួផ្លូវចុះចត​ប្រវែង ២៥៧ម៉ែត្រ របស់វា​ផងដែរ នៅពេល​​ដែល​​នាវា​នេះ​ផ្ទាល់​កំពុង​ធ្វើចល័ត​នៅ​​លើផ្ទៃសមុទ្រ ក្បែរតំបន់​ផ្ទុះសង្រ្គាម៕